យេរេមា 49 KHSV

ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន

1 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ?ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដីកាដ​ដូច្នេះ?ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុកមក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?

2 ហេតុ​នេះ នៅ​គ្រា​ខាង​មុខយើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសានហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវវិនាស​ដោយ​ភ្លើង។ពេល​នោះ អ៊ីស្រា‌អែល​នឹង​យក​ទឹក​ដី​ដែលជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

3 អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ!អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបាត​អើយចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខចូរ​រត់​ទៅ​រត់​មក តាម​បណ្ដោយ​កំពែង​ក្រុងដ្បិត​ម៉ូឡុក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នាត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី។

4 ប្រជា‌ជន​ដែល​បះ‌បោរ​អើយហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំរបស់​អ្នក​ដូច្នេះ?ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនដោយ​ពោល​ថា“តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ?”។

5 យើង​នឹង​ធ្វើ​ឲ្យ​ភយន្ត‌រាយ​ពី​គ្រប់​ទិស‌ទីកើត​មាន​ដល់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​នៃពិភព​ទាំង​មូល។អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុគ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។

6 ប៉ុន្តែ ក្រោយ​មកយើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ព្រះ‌បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អេដុម

7 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ?តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់គំនិត​យោបល់​អស់​ហើយ​ឬ?តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?

8 អ្នក​ក្រុង​ដេដាន់​អើយចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ!ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មានដល់​ពូជ‌ពង្ស​របស់​អេសាវគឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។

9 ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរមក​ដល់​ស្រុក​អ្នកគេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។

10 យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវយើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួនគឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ពូជ‌ពង្ស បង‌ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេនឹង​ត្រូវ​អន្តរាយ។គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:

11 “កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វាប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។

12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក!

13 យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

14 ព្រះ‌អម្ចាស់ប្រទាន​ដំណឹង​មក​ខ្ញុំព្រះ‌អង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅប្រកាស​ហៅ​ប្រជា‌ជាតិ​នានា​ថាចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុមចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ!

15 «អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។

16 ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯងតែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេអ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នកឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដីក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

17 «ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។

18 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។

19 សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណាយើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពីស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បានជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?តើ​នរណា​ហ៊ាន​ប្ដឹង​យើង?តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។

20 ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុមនិង​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុកដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន!សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេឲ្យ​ហិន‌ហោច​ទៀត​ផង។

21 ពេល​ស្រុក​អេដុម​រលំ ផែនដី​ក៏​កក្រើកសម្រែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​កក់។

22 សត្រូវ​មក​វាយ​ប្រហារដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ានៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាចនៃ​ជន‌ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន»។

ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់

23 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់។«អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាតត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំងពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោលគ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។

24 អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្តហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួនពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

25 តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ?

26 នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

27 យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស់ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់ស្ដេច​បេនហា‌ដាដ»។

ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​កេដារ

28 នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហាសោរ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន វាយ​យក​បាន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារចូរ​កម្ទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះឲ្យ​អន្តរាយ​ទៅ!

29 ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗឥវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។ចូរ​ស្រែក​ដាក់​ពួក​គេ​ថាការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!

30 អ្នក​ស្រុក​ហាសោរ​អើយចូរ​នាំ​គ្នា​រត់​គេច​ខ្លួន​យ៉ាង​លឿនហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ!ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូនបាន​សម្រេច​រៀប‌ចំ​គម្រោង‌ការ​វាយ​ប្រហារអ្នក​រាល់​គ្នា​ហើយ។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

31 ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជា‌ជាតិដែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​កង្វល់​អ្វី- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -ដ្បិត​ទី​លំ‌នៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេគេ​រស់​នៅ​ដាច់​តែ​ឯង។

32 ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើនរបស់​ពួក​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​ទៀត​ផង។យើង​នឹង​កំចាត់​ប្រជា‌ជន​ដែល​កោរ​ជើង​សក់ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទីកើត​មាន​ដល់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

33 ស្រុក​ហាសោរ​នឹង​ក្លាយ​ទៅ​ជា ជម្រក​របស់​ឆ្កែ​ព្រៃជា​ទី​ស្មសាន​រហូត​ត​ទៅគឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យនៅ​ទៀត​ដែរ»។

ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេឡាំ

34 នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:

35 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញរបស់​ជន‌ជាតិ​អេឡាំ។

36 យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិសបក់​មក​លើ​ស្រុក​អេឡាំយើង​ឲ្យ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទីជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោមប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

37 យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេឡាំ​ញ័រ​រន្ធត់នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខអស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេរហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេអស់​គ្មាន​សល់។

38 យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំយើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន​របស់​ពួក​គេ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-

39 ប៉ុន្តែ នៅ​គ្រា​ក្រោយយើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52