1 ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបព្យាការីយេរេមា
2 ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក សូមព្រះអង្គប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចលោកឃើញស្រាប់ហើយ។
3 សូមព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញឲ្យយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។
4 ព្យាការីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយ ខ្ញុំនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។
5 ពួកគេពោលមកកាន់លោកយេរេមាថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់មកយើងខ្ញុំតាមរយៈលោកទេនោះ សូមព្រះអង្គដាក់ទោសយើងខ្ញុំចុះ!
6 យើងខ្ញុំបានសូមឲ្យលោកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខ ដោយធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។
7 ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា
8 ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9 លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
10 ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះតទៅទៀតយើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នាគឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។យើងនឹងដាំអ្នករាល់គ្នាគឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។យើងនឹងនឹកស្ដាយដោយបានដាក់ទោសអ្នករាល់គ្នា។
11 កុំខ្លាចស្ដេចស្រុកបាប៊ីឡូនដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វីកុំខ្លាចឲ្យសោះ-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នាដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12 យើងនឹងធ្វើឲ្យស្ដេចស្រុកបាប៊ីឡូនអាណិតមេត្តាដល់អ្នករាល់គ្នាហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នាព្រមទាំងឲ្យអ្នករាល់គ្នាវិលមករស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
14 ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!”
15 ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16 មុខដាវដែលអ្នករាល់គ្នាខ្លាចនឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីបទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភនឹងតាមអ្នករាល់គ្នាជាប់រហូតដល់ស្រុកអេស៊ីបហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17 អស់អ្នកដែលសម្រេចចិត្តភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមុខជាត្រូវស្លាប់ ដោយមុខដាវដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគគឺគ្មាននរណាម្នាក់រួចជីវិតឬគេចផុតពីគ្រោះកាចដែលយើងនឹងធ្វើឲ្យកើតមានដល់ពួកគេឡើយ។
18 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
19 ជនជាតិយូដាដែលនៅសេសសល់អើយ ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងឲ្យច្បាស់ថា ថ្ងៃនេះ ខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។
20 អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំឲ្យយើងខ្ញុំផង អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ មានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
21 ខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។
22 ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។