1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។
2 ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។
3 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖
4 «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។
5 ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។
6 យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។
7 ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។
8 ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
9 «យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។
10 ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត!
11 មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 «ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។
13 ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។
14 យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកម្ទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15 ពេលព្រះអម្ចាស់មានព្រះបន្ទូលចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់កុំវាយឫកខ្ពស់ឲ្យសោះ!
16 ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាមុនពេលព្រះអង្គនាំភាពងងឹតចូលមកហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំដែលគ្របដណ្ដប់ដោយភាពអន្ធការ។អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃតែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជាយប់ដ៏សែនងងឹតព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជាពពកដ៏ខ្មៅងងឹត។
17 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេនោះខ្ញុំនឹងទៅពួនយំ សោកស្ដាយព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេងព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
18 ចូរទូលស្ដេច និងមាតារបស់ស្ដេចថា:“សូមគង់ផ្ទាល់នឹងដីទៅ!ដ្បិតមកុដរាជ្យរបស់ព្រះករុណាបានធ្លាក់ចុះពីសិរសាហើយ”។
19 ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូងបិទអស់ហើយ គ្មាននរណាមកបើកទៀតទេជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជាឈ្លើយសឹកអស់គ្មានសល់។
20 «យេរូសាឡឹមអើយ ចូរងើបមុខឡើងសម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើងតើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នកគឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខទៅណាបាត់អស់ហើយ?
21 អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្តពេលពួកគេមកបំផ្លាញអ្នកតើអ្នកថ្លែងដូចម្ដេចទៅ?អ្នកនឹងឈឺចាប់យ៉ាងខ្លាំងដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
22 ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជាព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”នោះតោងដឹងថាខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នកនិងរំលោភលើអ្នកដូច្នេះព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
23 តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរហើយខ្លារខិនអាចដូរស្នាមនៅលើស្បែករបស់វាបានឬទេ?រីឯអ្នករាល់គ្នាក៏ដូច្នោះដែរអ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ហើយពុំអាចប្រព្រឹត្តល្អឡើយ។
24 យើងនឹងកំចាត់កំចាយអ្នករាល់គ្នាដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថានផាត់យកទៅ។
25 យេរូសាឡឹមអើយនេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នកដ្បិតអ្នកបានបំភ្លេចយើងហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26 យើងនឹងលាត់សំពត់របស់អ្នកឡើងរហូតដល់ក្បាលដើម្បីឲ្យគេឃើញកេរខ្មាសរបស់អ្នក។
27 យើងបានឃើញការផិតក្បត់ តំរេកតណ្ហានិងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នកនៅតាមកំពូលភ្នំ និងនៅតាមទីវាលយើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើមរបស់អ្នក!យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខានព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេតើនៅដូច្នេះដល់កាលណាទៀត?»។