1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងនឹងធ្វើឲ្យខ្យល់ព្យុះបក់បោកបំផ្លាញក្រុងបាប៊ីឡូននិងប្រជាជននៅក្រុងនោះ។
2 យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូនដូចគេរែងអង្ករ។អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុកពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូននៅថ្ងៃដ៏សែនវេទនានោះ។
3 កុំត្រាប្រណីទាហានបាញ់ព្រួញនិងអ្នកពាក់អាវក្រោះ ដែលពើងទ្រូង!កុំត្រាប្រណីយុវជនរបស់ពួកគេ!ចូរបំផ្លាញកងទ័ពទាំងមូលរបស់ពួកគេចោលទៅ!»។
4 ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេអ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវក្នុងក្រុងបាប៊ីឡូន
5 ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទ្រង់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឡើយ។
6 ចូររត់ចេញពីក្រុងបាប៊ីឡូនទៅ!ម្នាក់ៗរត់ប្រាសអាយុ!មិនគួរទុកឲ្យខ្លួនវិនាសសូន្យព្រោះតែកំហុសរបស់ក្រុងនេះឡើយ!ដ្បិតពេលនេះជាពេលដែលព្រះអម្ចាស់សងសឹកព្រះអង្គសងទៅជនជាតិបាប៊ីឡូនវិញតាមអំពើដែលពួកគេបានប្រព្រឹត្ត!
7 ពីមុន បាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹងប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះហើយវង្វេងវង្វាន់ទាំងអស់គ្នា។
8 រំពេចនោះ ស្រាប់តែបាប៊ីឡូនធ្លាក់ចុះហើយបាក់បែកខ្ទេចខ្ទីអស់!ចូរនាំគ្នាយំស្រណោះក្រុងនេះចូរយកថ្នាំមកព្យាបាលស្នាមរបួសរបស់វាប្រហែលជាវាអាចជាឡើងវិញបាន។
9 ពួកយើងខិតខំព្យាបាលបាប៊ីឡូនដែរតែវាពុំអាចជាសះស្បើយបានទេ។ដូច្នេះ ចូរបោះបង់ចោលក្រុងនេះហើយវិលទៅស្រុករបស់យើងរៀងៗខ្លួនវិញដ្បិតទោសរបស់ក្រុងនេះមានទំហំធំជាងផ្ទៃមេឃ និងអាកាសវេហាស៍ទៅទៀត។
10 ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូនអំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់ជាព្រះនៃយើង។
11 ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ ព្រះអម្ចាស់មានគម្រោងការកម្ទេចក្រុងបាប៊ីឡូនហេតុនេះបានជាព្រះអង្គជំរុញស្ដេចស្រុកមេឌីឲ្យសម្រេចការនេះដ្បិតព្រះអម្ចាស់សងសឹកពួកបាប៊ីឡូនព្រោះពួកគេកម្ទេចព្រះវិហាររបស់ព្រះអង្គ!
12 ចូរលើកទង់សញ្ញាវាយលុកកំពែងក្រុងបាប៊ីឡូនចូរបន្ថែមកងយាមល្បាតចូរដាក់អ្នកយាមឲ្យឃ្លាំមើលចូរបង្កប់ទាហានចាំវាយឆ្មក់ដ្បិតព្រះអម្ចាស់សម្រេចតាមផែនការដែលព្រះអង្គមានព្រះបន្ទូលប្រឆាំងនឹងអ្នកក្រុងបាប៊ីឡូន។
13 អ្នករស់នៅតាមមាត់ទន្លេហើយមានទ្រព្យសម្បត្តិដ៏ច្រើនអ្នកមានចិត្តលោភលន់តែចុងបញ្ចប់របស់អ្នកមកដល់ហើយ!
14 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖«យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូបមកវាយលុកអ្នកពួកគេស្រែកយកជ័យជំនះលើអ្នក»។
15 ព្រះអម្ចាស់បានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោកដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះតម្រិះរបស់ព្រះអង្គ។
16 ពេលព្រះអង្គបន្លឺព្រះសូរសៀងទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
17 ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គមនុស្សទាំងអស់បែរជាងឿងឆ្ងល់លែងយល់អ្វីសោះជាងមាសបែរជាខ្មាសខ្លួនឯងដោយបានឆ្លាក់រូបព្រះឥតបានការទាំងនោះដែលគ្មានវិញ្ញាណ។
18 ព្រះទាំងនោះឥតបានការអ្វីសោះជារបស់គួរឲ្យមើលងាយដែលនឹងត្រូវវិនាសសូន្យនៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស។
19 រីឯព្រះរបស់លោកយ៉ាកុបវិញ មិនដូច្នោះទេគឺព្រះអង្គបានបង្កើតអ្វីៗទាំងអស់ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
20 «បាប៊ីឡូនអើយកាលពីមុន អ្នកប្រៀបបាននឹងញញួរជាគ្រឿងសស្ត្រាវុធយើងបានប្រើអ្នក សម្រាប់វាយដំប្រជាជាតិនានានិងកម្ទេចនគរទាំងឡាយ។
21 យើងបានប្រើអ្នកសម្រាប់កម្ទេចសេះនិងទាហានដែលជិះនៅលើវាយើងបានប្រើអ្នក សម្រាប់កម្ទេចរទេះចំបាំង និងអ្នកបរវា។
22 យើងបានប្រើអ្នកសម្រាប់ប្រហារមនុស្សប្រុសស្រីយើងបានប្រើអ្នកសម្រាប់ប្រហារចាស់ៗ និងក្មេងៗយើងបានប្រើអ្នកសម្រាប់ប្រហារយុវជនយុវនារី
23 យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាលនិងហ្វូងសត្វរបស់គេ យើងបានប្រើអ្នកសម្រាប់ប្រហារអ្នកភ្ជួរស្រែនិងគោដែលគេទឹមយើងបានប្រើអ្នកសម្រាប់ប្រហារចៅហ្វាយខេត្តនិងទេសាភិបាល។
24 យើងនឹងសងទៅក្រុងបាប៊ីឡូននិងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើឃោរឃៅដែលគេបានប្រព្រឹត្តចំពោះក្រុងស៊ីយ៉ូនក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25 បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នកអ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេចផែនដីទាំងមូល- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងលើកដៃប្រហារអ្នកយើងប្រមៀលអ្នកចុះពីលើថ្មភ្នំធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។
26 គេនឹងលែងយកថ្មគ្រឹះដ៏មានតម្លៃឬថ្មសម្រាប់ធ្វើជាសសរចេញពីអ្នកទៀតឡើយដ្បិតអ្នកត្រូវវិនាសហិនហោចរហូតតទៅ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
27 ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ!ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ!ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ!ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាតមិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ!ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ពចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
28 ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះដោយរួមជាមួយស្ដេចស្រុកមេឌីព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាលនិងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
29 ផែនដីកក្រើករំពើក និងញាប់ញ័រ នៅពេលដែលព្រះអម្ចាស់ប្រព្រឹត្តចំពោះក្រុងបាប៊ីឡូនតាមគម្រោងការរបស់ព្រះអង្គគឺធ្វើឲ្យក្រុងនេះក្លាយទៅជាទីស្មសានគ្មានមនុស្សរស់នៅ។
30 ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូនឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។ពួកគេបាត់បង់សេចក្ដីក្លាហានធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេហើយកម្ទេចរនុកទ្វាររបស់ពួកគេចោលដែរ។
31 អ្នករត់នាំគ្នារត់បណ្ដាក់គ្នាអ្នកនាំសារក៏នាំដំណឹងតៗគ្នាដើម្បីទៅទូលស្ដេចស្រុកបាប៊ីឡូនថា:សត្រូវវាយយកបានទីក្រុងពីជាយម្ខាង ទៅជាយម្ខាងទៀត។
32 សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយព្រមទាំងដុតកម្ទេចបន្ទាយផងទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
33 ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖«ក្រុងបាប៊ីឡូនប្រៀបបាននឹងលានបោកស្រូវនៅតែបន្តិចទៀត ដល់ពេលគេច្រូតកាត់ក្រុងនេះហើយ!»។
34 ក្រុងស៊ីយ៉ូនពោលថា:នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានលេប និងកម្ទេចខ្ញុំធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំរួចខ្ជាក់ខ្ញុំចោល។
35 អ្នកក្រុងស៊ីយ៉ូនពោលថាសូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។អ្នកក្រុងយេរូសាឡឹមពោលថាសូមឲ្យពួកខាល់ដេទទួលទោសព្រោះតែបានបង្ហូរឈាមខ្ញុំ។
36 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖«យើងនឹងរកយុត្តិធម៌ឲ្យអ្នកយើងនឹងសងសឹកជំនួសអ្នកយើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូនហួតហែងរហូតដល់ប្រភពទឹករបស់វា។
37 ក្រុងបាប៊ីឡូននឹងក្លាយទៅជាគំនរឥដ្ឋជាសំបុកឆ្កែព្រៃ ធ្វើឲ្យប្រជាជាតិឯទៀតៗស្រឡាំងកាំង និងព្រឺសម្បុរជាកន្លែងដែលគ្មានមនុស្សរស់នៅទៀត។
38 ជនជាតិបាប៊ីឡូននាំគ្នាគ្រហឹមដូចកូនសិង្ហនិងដូចសិង្ហស្ទាវ
39 ពេលណាពួកគេពុះកញ្ជ្រោលដល់កម្រិតហើយយើងនឹងរៀបចំជប់លៀងឲ្យពួកគេយើងនឹងបង្អកពួកគេឲ្យស្រវឹងទាល់តែលេលាហើយដេកលក់រហូត លែងភ្ញាក់ទៀត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
40 យើងនឹងនាំពួកគេទៅទីសត្តឃាតដូចពពែ និងចៀម។
41 ម្ដេចក៏ក្រុងសេសាកដែលពិភពលោកទាំងមូលធ្លាប់តែលើកតម្កើងត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មាំងដូច្នេះ!ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសានក្នុងចំណោមប្រជាជាតិនានាបែបនេះ!
42 សមុទ្រជន់លិចស្រុកបាប៊ីឡូនហើយទឹករលកក៏បក់បោកលើស្រុកនេះដែរ!
43 ក្រុងទាំងឡាយនៅស្រុកបាប៊ីឡូនត្រូវវិនាសអន្តរាយស្រុកនោះក្លាយទៅជាទីហួតហែង និងព្រៃល្បោះជាស្រុកដែលគ្មាននរណារស់នៅហើយក៏គ្មានមនុស្សណាដើរកាត់ដែរ។
44 យើងនឹងដាក់ទោសបាលដែលជាព្រះរបស់ជនជាតិបាប៊ីឡូនអ្វីៗដែលវាលេបចូលទៅនោះយើងនឹងទាញចេញមកវិញប្រជាជាតិទាំងឡាយលែងលើកគ្នាទៅរកព្រះនោះទៀតហើយរីឯកំពែងក្រុងបាប៊ីឡូនក៏រលំដែរ។
45 ប្រជារាស្ត្ររបស់យើងអើយចូរនាំគ្នារត់ចេញពីបាប៊ីឡូនម្នាក់ៗត្រូវរត់ប្រាសអាយុគេចឲ្យផុតពីកំហឹងរបស់យើងចំពោះក្រុងនេះ។
46 មិនត្រូវបាក់ទឹកចិត្ត ហើយភ័យខ្លាចដោយឮពាក្យចចាមអារ៉ាមដែលគេនិយាយក្នុងស្រុកនោះឡើយ!ដ្បិតឆ្នាំនេះមានឮពាក្យចចាមអារ៉ាមមួយឆ្នាំក្រោយមានឮពាក្យចចាមអារ៉ាមមួយទៀតអំពើហិង្សានឹងកើតមាននៅក្នុងស្រុកហើយអ្នកកាន់អំណាចផ្ដាច់ការនឹងដណ្ដើមអំណាចតៗគ្នា។
47 ហេតុនេះ នៅគ្រាខាងមុខយើងនឹងដាក់ទោសព្រះក្លែងក្លាយរបស់ស្រុកបាប៊ីឡូនស្រុកនោះទាំងមូលនឹងត្រូវអាម៉ាស់ហើយនឹងមានមនុស្សដួលស្លាប់ដោយមុខដាវពាសពេញក្នុងទីក្រុង។
48 អ្វីៗនៅលើមេឃ និងនៅលើផែនដីនឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយដោយបាប៊ីឡូនរលំដ្បិតមានសត្រូវពីទិសខាងជើងមកបំផ្លាញក្រុងនេះ!»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
49 បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើននៅលើផែនដីទាំងមូលបាត់បង់ជីវិតឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។
50 អស់អ្នកដែលគេចផុតពីមុខដាវអើយចូររត់ទៅចុះ កុំឈប់ឲ្យសោះចូរគិតដល់ព្រះអម្ចាស់ពីចម្ងាយហើយនឹកដល់ក្រុងយេរូសាឡឹមជានិច្ច!
51 ពួកយើងធ្លាប់អាម៉ាស់នៅពេលឮខ្មាំងសត្រូវជេរប្រមាថពួកយើងបានបាក់មុខនៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈនៃព្រះដំណាក់របស់ព្រះអម្ចាស់។
52 «ហេតុនេះហើយបានជានៅគ្រាខាងមុខយើងនឹងដាក់ទោសព្រះក្លែងក្លាយរបស់ជនជាតិបាប៊ីឡូនហើយអ្នករបួសនឹងថ្ងូរពាសពេញក្នុងស្រុកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
53 ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដីក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមកប្រហារក្រុងនេះដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
54 មានសម្រែកលាន់ឮឡើងពីក្រុងបាប៊ីឡូនហើយសំឡេងមហន្តរាយលាន់ឮឡើងពីស្រុកខាល់ដេ
55 ដ្បិតព្រះអម្ចាស់កម្ទេចក្រុងបាប៊ីឡូនព្រះអង្គធ្វើឲ្យសម្រែកលាន់ឮក្នុងក្រុងនេះប្រែទៅជាស្ងាត់ជ្រងំកងទ័ពដែលមានសូរសន្ធឹកដូចមហាសាគរនាំគ្នាវាយលុកក្រុងនេះដោយសម្រែកទ្រហឹងអឺងអាប់។
56 ពិតមែនហើយ មេបំផ្លាញមកវាយលុកក្រុងបាប៊ីឡូនទាហានដ៏អង់អាចរបស់ក្រុងនេះធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងធ្នូរបស់ពួកគេត្រូវបាក់។ ព្រះអម្ចាស់ជាព្រះដែលតែងតែសងទៅមនុស្សតាមអំពើដែលម្នាក់ៗប្រព្រឹត្ត។
57 «យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រ ដែលមាននាមថាព្រះអម្ចាស់នៃពិភពទាំងមូល។
58 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«កំពែងដ៏ស្កឹមស្កៃរបស់ក្រុងបាប៊ីឡូនបាក់បែករហូតដល់គ្រឹះទ្វារដ៏ខ្ពស់ៗក៏ឆេះអស់គឺស្នាដៃដែលប្រជាជនទាំងឡាយបានធ្វើក្លាយជាអសារបង់អ្វីៗដែលប្រជាជាតិនានាខំប្រឹងធ្វើក្លាយទៅជាចំណីភ្លើង»។
59 នេះជាសេចក្ដីដែលព្យាការីយេរេមាបង្គាប់ដល់លោកសេរ៉ាយ៉ា ជាកូនរបស់លោកនេរីយ៉ា និងជាចៅរបស់លោកម៉ាសេយ៉ា នៅពេលដែលគាត់ទៅស្រុកបាប៊ីឡូន ជាមួយព្រះបាទសេដេគា នៅឆ្នាំទីបួន ក្នុងរជ្ជកាលរបស់ស្ដេចនេះ។ កាលនោះ លោកសេរ៉ាយ៉ាមានមុខតំណែងជាមេលើពួកមហាតលិក។
60 លោកយេរេមាសរសេរអំពីទុក្ខលំបាកទាំងប៉ុន្មាន ដែលកើតមានដល់ស្រុកបាប៊ីឡូន ទុកក្នុងក្រាំងមួយ គឺព្រះបន្ទូលទាំងអស់ស្ដីអំពីស្រុកបាប៊ីឡូន ដូចមានចែងទុកខាងលើនេះស្រាប់។
61 លោកយេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលលោកទៅដល់បាប៊ីឡូន លោកត្រូវអានសេចក្ដីទាំងនេះ
62 រួចពោលថា: បពិត្រព្រះអម្ចាស់ គឺព្រះអង្គផ្ទាល់ដែលមានព្រះបន្ទូលថា ក្រុងនេះនឹងត្រូវបំផ្លាញ លែងមានមនុស្ស មានសត្វរស់នៅទៀតហើយ គឺក្រុងនេះក្លាយទៅជាទីស្មសានរហូតតទៅ។
63 ពេលលោកអានសេចក្ដីក្នុងក្រាំងនេះចប់ សូមចងភ្ជាប់នឹងថ្មមួយដុំ រួចយកទៅទម្លាក់នៅកណ្ដាលទន្លេអឺប្រាត។
64 បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលព្រះអម្ចាស់ធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ពាក្យរបស់លោកយេរេមាចប់តែត្រឹមណេះ។