យេរេមា 12 KHSV

1 បពិត្រ​ព្រះ‌អម្ចាស់ព្រះ‌អង្គ​សុចរិត​ពន់​ពេក​ណាស់ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវជា​មួយ​ព្រះ‌អង្គ​បាន​ទេ។ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យរបស់​ព្រះ‌អង្គហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើនក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ?ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅយ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?

2 ព្រះ‌អង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫសចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ។

3 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ស្គាល់​ទូលបង្គំព្រះ‌អង្គ​ទត​ឃើញ​ទូលបង្គំព្រះ‌អង្គ​ឈ្វេង​យល់​ថាទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អង្គ។រីឯ​អ្នក​ទាំង​នោះ​វិញសូម​ព្រះ‌អង្គ​យក​ពួក​គេ​ចេញដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាតសូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែកសម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។

4 តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះ‌អង្គ​មិន​ឃើញ​ដែរ!”។

5 «បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹងមនុស្ស​ថ្មើរ​ជើង​បាន​ផងធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន?បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែលមាន​សន្តិ‌សុខ​ផងធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃជិត​ទន្លេ​យ័រដាន់?

6 សូម្បី​តែ​បង‌ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ព្រះ‌វិហារ និង​ប្រជា‌ជន​របស់​ព្រះ‌អង្គ

7 យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើងយើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើងយើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើងទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

8 ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃគឺ​គេ​គ្រហឹម​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់ស្រឡាញ់​គេ​ទៀត។

9 ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់ប្រៀប​បាន​នឹង​បក្សី​ចំរុះ​ពណ៌ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មានហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។

10 ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិនចម្ការ​ទំពាំង‌បាយជូរ​របស់​យើងពួក​គេ​ជាន់​កម្ទេច​ចម្ការ​របស់​យើងពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើងឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាននិង​វិនាស​ហិន‌ហោច​អស់។

11 ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះវិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោចស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។

12 នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថានពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាងគ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។

13 ពួក​គេ​សាប​ព្រោះ​ស្រូវលុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លាគេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាសដោយ‌សារ​ផល​នៃ​ចម្រូតព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!

ព្រះ‌បន្ទូល​ចំពោះ​នគរ​ជិត​ខាង​អ៊ីស្រា‌អែល

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជា‌ជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន‌ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។

15 ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។

16 ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។

17 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មិន​ព្រម​ស្ដាប់​បង្គាប់​ទេ យើង​នឹង​ដក​ពួក​គេ​ចេញ ហើយ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សូន្យ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52