1 ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖
2 «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្ដេចស្រុកបាប៊ីឡូន!
3 ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។
4 យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។
5 ព្យាការីយេរេមាបានតបទៅព្យាការីហាណានា នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖
6 «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់សម្រេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
7 ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជម្រាបលោក និងប្រជាជនទាំងមូល ឲ្យបានជ្រាបដូចតទៅ:
8 ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើន ត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។
9 ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា ព្រះអម្ចាស់ចាត់ព្យាការីនោះឲ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។
10 ពេលនោះ ព្យាការីហាណានាបានដោះនឹមចេញពីស្មារបស់ព្យាការីយេរេមា មកកាច់បំបាក់
11 ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមាក៏ដើរចេញពីកន្លែងនោះទៅ។
12 បន្ទាប់ពីព្យាការីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖
13 «ចូរទៅប្រាប់ហាណានាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។
14 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូក្នេសា សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្ដេចនោះដែរ»។
15 បន្ទាប់មក ព្យាការីយេរេមាមានប្រសាសន៍ទៅកាន់ព្យាការីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកឲ្យមកទេ! លោកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។
16 ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។
17 ព្យាការីហាណានាក៏ទទួលមរណភាព នៅខែទីប្រាំពីរ នាឆ្នាំនោះ។