1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖
2 «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។
3 ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។
4 ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។
5 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
6 «កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។
7 ជួនកាល យើងសម្រេចថា រំលើង និងរំលំប្រជាជាតិណាមួយ ឬនគរណាមួយឲ្យវិនាស។
8 ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
9 ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។
10 ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើង នោះយើងនឹងលែងប្រព្រឹត្តល្អចំពោះពួកគេ តាមការសម្រេចរបស់យើង។
11 ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
12 ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
13 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើលតើមាននរណាដែលឮរឿងដូច្នេះទេ?គឺអ៊ីស្រាអែល ដែលប្រៀបដូចជាស្រីព្រហ្មចារីបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
14 គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញមកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេគ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់ដែលហូរមកពីឆ្ងាយនោះដែរ។
15 ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើងគេនាំគ្នាថ្វាយគ្រឿងសក្ការបូជាដល់ព្រះក្លែងក្លាយដែលបណ្ដាលឲ្យពួកគេជំពប់ដួលនៅតាមផ្លូវដែលពួកគេធ្លាប់ដើរហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួនទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
16 ពួកគេបានបំផ្លាញស្រុករបស់ខ្លួនឲ្យក្លាយទៅជាទីស្មសានដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរហើយគ្រវីក្បាល។
17 ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេគឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
18 ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
19 ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយនឹងទូលបង្គំឡើយសូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
20 ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើល្អទេ។រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ចាំដកជីវិតរបស់ទូលបង្គំសូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គដើម្បីទូលអង្វរសម្រាប់ពួកគេសូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
21 ហេតុនេះ សូមព្រះអង្គបណ្ដាលឲ្យកូនចៅរបស់គេជួបនឹងទុរ្ភិក្សសូមឲ្យពួកគេវិនាសដោយមុខដាវសូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅនិងក្លាយទៅជាស្ត្រីមេម៉ាយព្រោះប្ដីរបស់គេស្លាប់។សូមឲ្យពួកយុវជនរបស់ពួកគេស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
22 សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេសូមឲ្យមានឮសម្រែកឈឺចាប់ចេញពីផ្ទះរបស់គេដ្បិតអ្នកទាំងនោះបានជីករណ្ដៅនិងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
23 ឱព្រះអម្ចាស់អើយព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មានដែលគេចង់ប្រហារជីវិតទូលបង្គំ។សូមកុំអត់ទោសឲ្យពួកគេសូមកុំលុបអំពើបាបរបស់ពួកគេចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ!សូមឲ្យពួកគេជំពប់ដួលនៅមុខព្រះអង្គសូមដាក់ទោសពួកគេតាមព្រះពិរោធរបស់ព្រះអង្គ។