1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពេលបុរសម្នាក់លែងលះភរិយាហើយភរិយាចាកចេញទៅមានប្ដីមួយទៀតបុរសនោះអាចវិលទៅរកនាងវិញបានឬ?ទេ បើធ្វើដូច្នេះស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញអ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើនតើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
2 ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍តើមានកន្លែងណាមួយដែលអ្នកពុំបានផិតក្បត់យើង?អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្តរបស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថានអ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មងព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាកសីលធម៌ដែលអ្នកប្រព្រឹត្ត។
3 ហេតុនេះហើយបានជាយើងមិនព្រមឲ្យមានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀតអ្នកមិនព្រមទទួលសារភាពកំហុសទេ។
4 ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
5 តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។អ្នកពោលដូច្នេះតែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
6 នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវ៉ានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
7 យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។
8 យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវ៉ា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។
9 ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។
10 ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលសាវ៉ាគ្រាន់បើជាងយូដាដែលផិតក្បត់។
12 ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖អ៊ីស្រាអែលសាវ៉ាអើយ ចូរវិលមកវិញយើងនឹងមិនប្រកាន់ទោសនាងទៀតទេដ្បិតយើងមានមេត្តាករុណាយើងមិនចងកំហឹងរហូតតទៅឡើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ចូរទទួលស្គាល់កំហុសរបស់ខ្លួនតែប៉ុណ្ណោះបានហើយគឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់នាងនាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែងគឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចីហើយនាងពុំបានស្ដាប់សំឡេងយើងទេ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។
15 យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
16 នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។
17 នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។
18 នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
19 យើងគិតថា យើងសប្បាយចិត្តនឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
20 ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយអ្នករាល់គ្នាបានក្បត់ចិត្តយើងដូចស្ត្រីក្បត់ចិត្តប្ដីដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21 មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំគឺជាសម្រែកយំសោក និងសម្រែកអង្វរកររបស់ជនជាតិអ៊ីស្រាអែលដ្បិតពួកគេបានវង្វេងចេញពីមាគ៌ាគេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
22 កូនចៅដែលក្បត់ចិត្តយើងអើយ!ចូរនាំគ្នាវិលត្រឡប់មកវិញយើងប្រោសឲ្យអ្នករាល់គ្នាលែងមានចិត្តសាវ៉ាទៀត។“យើងខ្ញុំមករកព្រះអង្គហើយដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។
23 យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយនៅលើកំពូលភ្នំយើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។
24 តាំងពីយើងខ្ញុំនៅក្មេងព្រះគំរក់បានធ្វើឲ្យអ្វីៗដែលដូនតារបស់យើងខ្ញុំបានសន្សំវិនាសហិនហោចអស់គឺទាំងហ្វូងចៀម និងហ្វូងគោទាំងកូនប្រុស និងកូនស្រី។
25 សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួចការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះយើងខ្ញុំ និងដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។