1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2 ចូរទៅស្រែកប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:«យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នកកាលអ្នកទើបនឹងពេញក្រមុំហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នកពេលទើបនឹងរៀបការគឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថានជាកន្លែងដែលគ្មានអ្វីដុះ។
3 នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិអ៊ីស្រាអែលទុកសម្រាប់ព្រះអង្គជាផលផ្លែដំបូងរបស់ព្រះអង្គអស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោសហើយរងទុក្ខវេទនាទៀតផង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4 អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុបអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែលចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
5 ព្រះអម្ចាស់មានព្រះបន្ទូលថា:តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុសត្រង់ណា បានជាពួកគេឃ្លាតចាកពីយើងហើយបែរទៅគោរពព្រះឥតបានការដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដូច្នេះដែរ?
6 ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា?គឺព្រះដែលបាននាំពួកយើងចាកចេញពីស្រុកអេស៊ីបហើយដឹកនាំពួកយើងក្នុងវាលរហោស្ថានជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូងជាវាលហួតហែង ជាទីស្មសានជាកន្លែងដែលគ្មាននរណាឆ្លងកាត់គ្មានមនុស្សណារស់នៅបាន។
7 យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុកដែលមានដំណាំដាំដុះដើម្បីឲ្យអ្នករាល់គ្នាបរិភោគផ្លែឈើដែលមានរសជាតិ។ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើងទៅជាសៅហ្មងអ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ករបស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។
8 ក្រុមបូជាចារ្យពុំដែលសួរថា“ព្រះអម្ចាស់នៅឯណា?”គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើងពួកព្យាការីនិយាយក្នុងនាមព្រះបាលហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយដែលពុំអាចជួយពួកគេបានឡើយ។
9 ហេតុនេះហើយបានជាយើងឡើងក្ដីនឹងអ្នករាល់គ្នាព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ចូរទៅកោះគីទីមដែលនៅដាច់ស្រយាលហើយសង្កេតមើលចុះចូរចាត់មនុស្សឲ្យទៅស្រុកកេដារហើយស៊ើបសួរឲ្យបានហ្មត់ចត់ថាតើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូចអ្នករាល់គ្នាឬទេ?
11 តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះពុំមែនជាព្រះពិតប្រាកដទេ)។រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿងហើយបែរជានាំគ្នាគោរពព្រះដែលឥតបានការទៅវិញ។
12 ផ្ទៃមេឃអើយ! ចូរតក់ស្លុតចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាងគឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរបែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះមិនអាចទុកទឹកបាននោះទៅវិញ។
14 តើអ៊ីស្រាអែលជាទាសករដែលគេទិញមកឬជាទាសករដែលកើតក្នុងផ្ទះបានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើមពួកគេដូច្នេះ?
15 ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹមពួកគេស្រែកគំរាម និងបំផ្លាញស្រុកឲ្យវិនាសហិនហោចពួកគេដុតក្រុងទាំងឡាយហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។
16 សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេសក៏នាំគ្នាកោរសក់អ៊ីស្រាអែលនាំយកទៅជាឈ្លើយដែរ។
17 អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់ ព្រះអម្ចាស់ជាព្រះរបស់អ្នកក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
18 ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ?តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរីទៅរកផឹកទឹកទន្លេអឺប្រាតឬ?
19 ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នកចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នកនាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃពិភពទាំងមូល។
20 តាំងពីយូរយារណាស់មកហើយអ្នកបានបះបោរប្រឆាំងនឹងយើងព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។អ្នកបានពោលថា:“ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។អ្នកបានផិតក្បត់យើងទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំនិងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
21 យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹងទំពាំងបាយជូរមួយដើមដ៏ល្អប្រណីតគឺដើមទំពាំងបាយជូរសុទ្ធចុះហេតុដូចម្ដេចបានជាអ្នកប្រែជាដើមទំពាំងបាយជូរក្លាយដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
22 ទោះបីអ្នកយកមេសាប៊ូដ៏ច្រើនមកលាងសម្អាត និងជម្រះខ្លួនក្ដីក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់ចំពោះមុខយើងជានិច្ច- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
23 ហេតុអ្វីបានជាអ្នកហ៊ានពោលថា:“ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្តអ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
24 អ្នកប្រៀបបាននឹងលាញីព្រៃដែលធ្លាប់តែរស់នៅតាមវាលរហោស្ថានត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែងគ្មាននរណាអាចទប់បានឡើយ។លាឈ្មោលដែលចង់បានវាមិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេគឺនៅពេលណាតណ្ហាពុះកញ្ជ្រោលលាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។
25 យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួនបើប្រឹងរត់ដូច្នេះ ក្រែងមុតជើងហើយស្ងួតបំពង់ក!ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេខ្ញុំស្រឡាញ់ព្រះឯទៀតៗហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
26 ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺនទាំងបូជាចារ្យ ទាំងព្យាការីនឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ក្នុងពេលកំពុងតែលួច។
27 គេពោលទៅកាន់រូបធ្វើពីឈើថា“ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!”ហើយពោលទៅកាន់រូបធ្វើពីថ្មថា“ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។ពួកគេបានងាកមុខចេញពីយើងហើយបែរខ្នងដាក់យើងវិញតែពេលណាមានទុក្ខ ពួកគេពោលមកយើងថា“សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
28 ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបានសូនធ្វើនោះ ទៅណាបាត់អស់ហើយ?ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាននៅពេលអ្នកមានទុក្ខម្ដេចក៏មិនហៅព្រះទាំងនោះទៅ?ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
29 ហេតុអ្វីបានជាអ្នករាល់គ្នារករឿងយើងដូច្នេះ?អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30 យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នាតែគ្មានផលប្រយោជន៍អ្វីសោះដ្បិតពួកគេមិនព្រមរាងចាលទេអ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវគឺអ្នករាល់គ្នាបានប្រហារពួកព្យាការី*របស់អ្នករាល់គ្នា។
31 (សូមឲ្យអ្នកនៅជំនាន់នេះយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!)អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹងវាលរហោស្ថាន ឬស្រុកដ៏ងងឹតសម្រាប់អ្នករាល់គ្នាឬ?ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា“យើងជាមនុស្សមានសេរីភាពយើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
32 មិនដែលមានស្ត្រីក្រមុំណាភ្លេចគ្រឿងអលង្ការរបស់ខ្លួនហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេចខ្សែក្រវាត់មាសរបស់ខ្លួនដែរ។រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើងតាំងពីយូរលង់ណាស់មកហើយ។
33 អ្នកប្រសប់ស្វែងរកសង្សារណាស់ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេកអ្នកលែងយល់ថាអំពើនោះជាអំពើអាក្រក់ទៀតហើយ។
34 អាវរបស់អ្នកប្រឡាក់ទៅដោយឈាមរបស់ជនក្រីក្រគឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
35 ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា“ខ្ញុំគ្មានកំហុសអ្វីសោះព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះយើងនឹងនាំអ្នកទៅតុលាការ។
36 ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូចស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
37 អ្នកនឹងចេញពីស្រុកនោះមកវិញទាំងដើរទូលដៃលើក្បាលដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យអ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេពួកគេពុំអាចជួយអ្នកបានឡើយ»។