1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ:
2 ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។
3 នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
4 ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ដូចតទៅ:
5 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងឮសម្រែកភ័យខ្លាចចលាចលកើតមាននៅក្នុងស្រុកគឺមិនមែនសន្តិភាពទេ!
6 ចូរស៊ើបសួរ ហើយពិនិត្យមើលចុះតើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ?ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់យកដៃឱបពោះរបស់ខ្លួនដូចស្ត្រីហៀបនឹងសម្រាលកូនដូច្នេះ?ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
7 វេទនាហើយ! ដ្បិតថ្ងៃនោះជាថ្ងៃដ៏សែនវេទនាដែលគ្មានថ្ងៃណាមួយប្រដូចបានឡើយគឺជាថ្ងៃដែលកូនចៅរបស់យ៉ាកុបត្រូវឈឺចុកចាប់យ៉ាងខ្លាំង។ប៉ុន្តែ ពួកគេមុខជាបានរួចជីវិត»។
8 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅថ្ងៃនោះ យើងនឹងបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ពួកគេយើងនឹងផ្ដាច់ចំណងចេញពីពួកគេជនបរទេសនឹងលែងយកពួកគេធ្វើជាខ្ញុំបម្រើទៀតហើយ។
9 ពួកគេនឹងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេហើយគោរពបម្រើពូជពង្សរបស់ដាវីឌដែលយើងនឹងតែងតាំងឲ្យគ្រងរាជ្យលើពួកគេ។
10 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើងអើយកុំភ័យខ្លាចអ្វីឡើយ!-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -កូនចៅអ៊ីស្រាអែលអើយ កុំអស់សង្ឃឹម!យើងនឹងសង្គ្រោះអ្នករាល់គ្នាឲ្យវិលត្រឡប់មកពីទឹកដីដ៏ឆ្ងាយវិញយើងនឹងសង្គ្រោះពូជពង្សរបស់អ្នករាល់គ្នាពីស្រុកដែលគេជាប់ជាឈ្លើយសឹក។កូនចៅយ៉ាកុបនឹងវិលមកវិញគេនឹងរស់នៅយ៉ាងសុខសាន្តគ្មាននរណាមកធ្វើទុក្ខគេទៀតឡើយ។
11 យើងស្ថិតនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -យើងនឹងលុបបំបាត់ប្រជាជាតិនានាដែលយើងបានកំចាត់កំចាយអ្នកឲ្យទៅនៅក្នុងចំណោមពួកគេតែយើងមិនលុបបំបាត់អ្នកឡើយ។យើងបានដាក់ទោសអ្នកដោយយុត្តិធម៌យើងមិនអាចចាត់ទុកអ្នកថាគ្មានទោសទេ»។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«របួសរបស់អ្នកមើលមិនជាទេដំបៅរបស់អ្នកក៏មិនអាចសះដែរ។
13 គ្មាននរណារកយុត្តិធម៌ឲ្យអ្នកនិងរុំរបួសឲ្យអ្នកទេហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណាអាចផ្សះរបួសរបស់អ្នកដែរ។
14 គូស្នេហ៍ទាំងប៉ុន្មានរបស់អ្នកភ្លេចអ្នកហើយគ្មាននរណានឹកនាដល់អ្នកទៀតទេដ្បិតយើងបានវាយអ្នកដូចខ្មាំងវាយអ្នកយើងបានដាក់ទោសអ្នកយ៉ាងធ្ងន់ព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
15 ហេតុដូចម្ដេចបានជាអ្នកស្រែកថ្ងូរព្រោះមហន្តរាយកើតដល់អ្នកធ្វើឲ្យអ្នកឈឺចាប់ឥតល្ហែ?យើងធ្វើទោសអ្នកខ្លាំងដូច្នេះព្រោះតែអំពើអាក្រក់ដ៏ច្រើនឥតគណនានិងអំពើបាបដ៏ធ្ងន់ដែលអ្នកបានប្រព្រឹត្ត។
16 ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នកមុខជាត្រូវគេលេបត្របាក់វិញបច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយទាំងអស់គ្នា។អស់អ្នកដែលកម្ទេចអ្នក នឹងត្រូវគេកម្ទេចវិញយើងនឹងធ្វើឲ្យពួកដែលប្លន់អ្នកត្រូវគេប្លន់វិញដែរ។
17 យើងនឹងលើកអ្នកឡើងវិញយើងនឹងប្រោសឲ្យមុខរបួសអ្នកបានជាសះស្បើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ពួកគេហៅអ្នកថា“ក្រុងដែលគេបោះបង់ចោល”គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។
18 ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«យើងនឹងស្ដារពូជពង្សរបស់យ៉ាកុបឡើងវិញយើងនឹងអាណិតអាសូរក្រុមគ្រួសាររបស់គេ។គេនឹងសង់ក្រុងនៅលើគំនរបាក់បែកឡើងវិញហើយសង់វិមាននៅកន្លែងដើមវិញដែរ។
19 ការសរសើរតម្កើង និងសំណើចក្អាកក្អាយនឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗគឺគេមិនចុះថយឡើយ។យើងនឹងលើកតម្កើងពួកគេគឺគេមិនទន់ទាបទៀតទេ។
20 កូនចៅរបស់គេនឹងបានដូចពីដើមសហគមន៍របស់គេនឹងស្ថិតស្ថេរនៅចំពោះមុខយើង ហើយយើងនឹងដាក់ទោសអស់អ្នកដែលជិះជាន់ពួកគេ។
21 មេដឹកនាំនឹងកើតចេញពីចំណោមពួកគេអ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើងដ្បិតគ្មាននរណាហ៊ានចូលមកជិតយើងដោយចិត្តឯងឡើយ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
22 អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា»។
23 ព្រះពិរោធរបស់ព្រះអម្ចាស់នឹងបក់បោកមកដូចជាខ្យល់ព្យុះ។ព្រះពិរោធនេះប្រៀបដូចជាព្យុះសង្ឃរាបក់នៅលើក្បាលរបស់ពួកទុច្ចរិត។
24 ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអម្ចាស់នឹងមិនងាករេចេញឡើយដរាបណាទាល់តែបានសម្រេចតាមគម្រោងការរបស់ព្រះអង្គយ៉ាងសុក្រឹតជាមុនសិន។នៅគ្រាចុងក្រោយ អ្នករាល់គ្នាមុខជាមានប្រាជ្ញាយល់មិនខាន!។