1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ៊ីស្រាអែលអើយប្រសិនបើអ្នកចង់វិលមកវិញចូរវិលមករកយើងចុះ!ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើមចេញពីមុខយើងនោះអ្នកនឹងលែងវង្វេង ដើរគ្មានគោលដៅទៀតហើយ។
2 ប្រសិនបើអ្នកស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅគឺស្បថដោយនិយាយពាក្យពិតស្របតាមយុត្តិធម៌នោះប្រជាជាតិទាំងឡាយមុខជាចង់បានពរពីយើងព្រមទាំងបានខ្ពស់មុខ ដោយសារយើងផង។
3 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សម្នានៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមថាចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មីកុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។
4 អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ចូរប្រគល់ចិត្តគំនិតមកយើង!បើមិនដូច្នេះទេកំហឹងរបស់យើងនឹងឆេះរាលដាលព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តកំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅគ្មាននរណាអាចពន្លត់បានឡើយ»។
5 «ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដាចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹមចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុកហើយស្រែកឲ្យអស់ទំហឹងថា:“ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុងក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
6 ចូរលើកទង់សញ្ញាប្រាប់អ្នកក្រុងស៊ីយ៉ូនចូរនាំគ្នារត់ទៅរកកន្លែងពួនកុំបង្អែបង្អង់ឲ្យសោះ!ដ្បិតយើងនឹងធ្វើឲ្យគ្រោះកាចចេញមកពីទិសខាងជើងបណ្ដាលឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
7 សត្វតោលោតចេញពីរូងរបស់វាហើយមេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញពីកន្លែងរបស់ខ្លួនដើម្បីកម្ទេចស្រុករបស់អ្នកក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយលែងមានប្រជាជនរស់នៅទៀតហើយ។
8 ហេតុនេះ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខចូរគក់ទ្រូងយំសោកសង្រេងដ្បិតព្រះអម្ចាស់នឹងមិនបំបែរព្រះពិរោធដ៏ខ្លាំងក្លាចេញពីយើងឡើយ។
9 ព្រះអម្ចាស់មានព្រះបន្ទូលថានៅថ្ងៃនោះ ស្ដេច និងនាម៉ឺនមុខជាបាក់ទឹកចិត្តក្រុមបូជាចារ្យនឹងតក់ស្លុតក្រុមព្យាការីនឹងស្រឡាំងកាំង។
10 គេនឹងពោលថា “ឱព្រះជាអម្ចាស់អើយ!ព្រះអង្គបានបញ្ឆោតទាំងប្រជាជនទាំងក្រុងយេរូសាឡឹមគឺព្រះអង្គសន្យាថាក្រុងនេះនឹងបានសុខសាន្តប៉ុន្តែ ឥឡូវនេះ បែរជាមានខ្មាំងយកដាវភ្ជង់ករបស់យើងទៅវិញ!”»។
11 នៅគ្រានោះ ព្រះអម្ចាស់នឹងមានព្រះបន្ទូលមកកាន់ប្រជាជននៅក្រុងយេរូសាឡឹមថា:«មានខ្យល់ក្ដៅបក់ពីទីខ្ពស់ៗនៃវាលរហោស្ថានមកលើប្រជាជនរបស់យើង។ខ្យល់នោះមិនមែនបក់សម្រាប់រោយស្រូវទេ
12 គឺជាខ្យល់កំបុតត្បូងដែលបក់បោកតាមបញ្ជារបស់យើង។ឥឡូវនេះ ដល់ពេលយើងប្រកាសកាត់ទោសពួកគេហើយ»។
13 មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹតរទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរាទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។យើងខ្ញុំត្រូវវេទនាហើយយើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យេរូសាឡឹមអើយ!ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នកដើម្បីទទួលការសង្គ្រោះ!តើអ្នកទុកឲ្យគំនិតអាស្រូវនេះនៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
15 ដ្បិតមានដំណឹងមួយលេចឮពីក្រុងដាន់និងតំបន់ភ្នំអេប្រាអ៊ីមស្ដីអំពីមហន្តរាយដែលនឹងកើតមាន។
16 ចូរប្រកាសប្រាប់ប្រជាជាតិទាំងឡាយចូរប្រាប់ឲ្យអ្នកក្រុងយេរូសាឡឹមដឹងថាខ្មាំងសត្រូវពីស្រុកឆ្ងាយកំពុងតែមកដល់ពួកគេស្រែកហ៊ោប្រកាសសង្គ្រាមនឹងក្រុងនានានៅស្រុកយូដា។
17 ពួកគេឡោមព័ទ្ធក្រុងយេរូសាឡឹមដូចអ្នកយាមនៅជុំវិញចម្ការមួយព្រោះអ្នកក្រុងបានបះបោរប្រឆាំងនឹងយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18 ហេតុការណ៍ដែលកើតមានដល់អ្នកជាលទ្ធផលនៃគំនិត និងអំពើអាក្រក់របស់អ្នកទុក្ខវេទនានេះធ្វើឲ្យអ្នកឈឺចាប់រហូតដល់ជម្រៅចិត្ត»។
19 ខ្ញុំឈឺចុកចាប់ក្នុងឱរាចិត្តខ្ញុំប្រេះឆាពន់ប្រមាណចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយដ្បិតខ្ញុំឮសំឡេងត្រែនិងសម្រែកប្រកាសប្រយុទ្ធ។
20 ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នាស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយផ្ទះសំបែង និងទីជម្រករបស់ខ្ញុំត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
21 តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា?តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
22 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ប្រជាជនរបស់យើងល្ងីល្ងើណាស់គេមិនស្គាល់យើងទេពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញាគឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់តែមិនចេះធ្វើអំពើល្អឡើយ»។
23 ខ្ញុំមើលទៅផែនដីឃើញផែនដីគ្មានរូបរាង និងនៅទទេខ្ញុំមើលទៅលើមេឃតែពុំឃើញមានពន្លឺអ្វីសោះ។
24 ខ្ញុំមើលទៅភ្នំទាំងឡាយឃើញភ្នំទាំងនោះកក្រើករំពើករីឯភ្នំតូចៗទាំងប៉ុន្មានក៏រញ្ជួយដែរ។
25 ខ្ញុំសម្លឹងមើលទៅ ពុំឃើញមានមនុស្សទេសូម្បីតែសត្វស្លាបដែលហើរនៅលើមេឃក៏ចាកចេញបាត់អស់ទៅដែរ។
26 ខ្ញុំសម្លឹងមើលឃើញទឹកដីដែលធ្លាប់តែមានដំណាំដាំដុះ ក្លាយជាវាលរហោស្ថានក្រុងទាំងប៉ុន្មានត្រូវឆេះខ្ទេចខ្ទីអស់ព្រោះតែព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់។
27 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយប៉ុន្តែ យើងមិនកម្ទេចឲ្យវិនាសសូន្យទាំងស្រុងទេ។
28 ហេតុនេះហើយបានជាផែនដីកាន់ទុក្ខផ្ទៃមេឃដែលនៅខាងលើក៏ងងឹតសូន្យសុងដែរដ្បិតយើងបានសម្រេចតាមគម្រោងការរបស់យើងយើងមិនសោកស្ដាយ ឬដូរគំនិតឡើយ»។
29 «ពេលឮសន្ធឹកទ័ពសេះ និងទ័ពបាញ់ព្រួញប្រជាជនក្នុងទីក្រុងទាំងមូលនាំគ្នារត់ភៀសខ្លួនគេចូលទៅពួននៅតាមគុម្ពោតព្រៃគេឡើងទៅពួននៅតាមថ្មភ្នំទីក្រុងទាំងមូលត្រូវគេបោះបង់ចោលឥតមាននៅសល់នរណាម្នាក់សោះ។
30 យេរូសាឡឹមអើយហេតុអ្វីបានជានាងនៅតែតុបតែងខ្លួនពាក់គ្រឿងអលង្ការធ្វើពីមាសនិងលាបត្របកភ្នែក?នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេអស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុនបែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
31 យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រីដែលហៀបនឹងសម្រាលកូនជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូងគឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូនដែលលើកដៃប្រណម្យរកគេជួយដោយពោលថា “ខ្ញុំវេទនាណាស់!ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។