5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះអង្គថា «ពិតមែនហើយព្រះអម្ចាស់!»។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!
7 ដ្បិតយើងបានទូន្មានបុព្វបុរសរបស់អ្នករាល់គ្នា តាំងពីថ្ងៃដែលយើងនាំពួកគេចេញពីស្រុកអេស៊ីប រហូតមកទល់ថ្ងៃនេះ គឺតាំងពីដើមរៀងមក យើងតែងតែដាស់តឿនថា “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង!”។
8 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ប្រជាជននៅស្រុកយូដា និងប្រជាជននៅក្រុងយេរូសាឡឹមឃុបឃិតគ្នាប្រឆាំងនឹងយើង។
10 ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
11 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។