យេរេមា 11:6-12 KHSV

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖«ចូរ​នាំ​ពាក្យ​ទាំង​អស់​នេះ​ទៅ​ប្រកាស​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា: “ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ហើយ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទៅ”!

7 ដ្បិត​យើង​បាន​ទូន្មាន​បុព្វបុរស​របស់​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ទល់​ថ្ងៃ​នេះ គឺ​តាំង​ពី​ដើម​រៀង​មក យើង​តែងតែ​ដាស់‌តឿន​ថា “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង!”។

8 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ដែរ ម្នាក់ៗ​នៅ​តែ​ចចេស​ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន។ ហេតុ​នេះ យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី គឺ​ជា​សេចក្ដី​ដែល​យើង​បង្គាប់​ពួក​គេ​ឲ្យ​ប្រតិបត្តិ​តាម តែ​ពួក​គេ​មិន​ប្រតិបត្តិ​តាម​ទេ»។

9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង។

10 ពួក​គេ​វិល​ទៅ​ប្រព្រឹត្ត​អំពើ​បាប ដូច​ដូនតា​របស់​ពួក​គេ​នៅ​ជំនាន់​មុន​ដែរ គឺ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ តែ​នាំ​គ្នា​ជំពាក់​ចិត្ត​លើ​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ​ទៀត​ផង។ កូន​ចៅ​អ៊ីស្រា‌អែល និង​កូន​ចៅ​យូដា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ»។

11 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។

12 អ្នក​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម នឹង​នាំ​គ្នា​សែន បួង‌សួង​រក​ព្រះ​ឯ​ទៀតៗ​ដែល​ពុំ​អាច​ជួយ​សង្គ្រោះ​ពួក​គេ នៅ​គ្រា​មាន​ទុក្ខ​វេទនា​បាន​ឡើយ។