យេរេមា 7:5-11 KHSV

5 ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

6 ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។

7 ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ។

8 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បញ្ឆោត​ខ្លួន​ឯង ជា​ពាក្យ​ឥត​បាន​ការ​នោះ​ទៅ​វិញ។

9 អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន

10 រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។

11 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។