យេរេមា 7:9-15 KHSV

9 អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន

10 រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។

11 តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 «ចូរ​នាំ​គ្នា​ទៅ​ទី‌សក្ការៈ​របស់​យើង​នៅ​ស៊ីឡូ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​ឲ្យ​ខ្ទេច‌ខ្ទី»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្ដី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ នៅ​ពេល​យើង​ស្រែក​ហៅ

14 យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះ‌វិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។

15 យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។