6 ថ្ងៃមួយ ពពួកទេវតារបស់ព្រះអម្ចាស់ នាំគ្នាចូលទៅគាល់ព្រះអង្គ មារ*សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរ។
7 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។
8 ព្រះអម្ចាស់សួរមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដី គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់»។
9 មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «តើយ៉ូបពិតជាគោរពកោតខ្លាចព្រះអង្គដោយសុទ្ធចិត្តមែនឬ?
10 តាមពិត គាត់គោរពព្រះអង្គដូច្នេះ មកពីព្រះអង្គការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ព្រះអង្គប្រទានពរឲ្យគាត់បានចម្រើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
11 ប្រសិនបើព្រះអង្គបំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថព្រះអង្គមិនខាន»។
12 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «អ្វីៗដែលយ៉ូបមាន ស្ថិតនៅក្នុងអំណាចរបស់អ្នកស្រាប់ហើយ ប៉ុន្តែ កុំប៉ះពាល់រូបគាត់ផ្ទាល់ឲ្យសោះ»។ ពេលនោះ មារសាតាំងក៏ចាកចេញពីព្រះអម្ចាស់ទៅ។