1 លោកយ៉ូបអើយសូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែងនៅពេលនេះចុះសូមត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ!
2 ខ្ញុំរៀបចំពាក្យសម្ដីហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។
3 ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្តខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។
4 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានសូនខ្ញុំឡើងខ្យល់ដង្ហើមរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំរស់រានមានជីវិត។
5 សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបានសូមរកហេតុផលតទល់នឹងខ្ញុំចុះ!
6 នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ខ្ញុំមិនខុសពីលោកទេព្រះអង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។
7 ដូច្នេះ សូមកុំញាប់ញ័រនៅចំពោះមុខខ្ញុំឡើយហើយក៏កុំនឹកស្មានថាខ្ញុំចង់យកអំណាចមកគាបសង្កត់លោកឲ្យសោះ។
8 ខ្ញុំបានឮពាក្យដែលលោកថ្លែងប្រាប់ហើយខ្ញុំចងចាំ ឥតភ្លេចឡើយ
9 គឺលោកពោលថា:“ខ្ញុំជាមនុស្សគ្មានទោស គ្មានបាបខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
10 តែព្រះជាម្ចាស់រករឿងទាស់នឹងខ្ញុំព្រះអង្គចាត់ទុកខ្ញុំជាខ្មាំងសត្រូវ។
11 ព្រះអង្គដាក់ខ្នោះជើងខ្ញុំព្រះអង្គឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំ”។
12 លោកមានប្រសាសន៍ដូច្នេះ មិនត្រូវទេចាំខ្ញុំពន្យល់លោកដ្បិតព្រះជាម្ចាស់ធំជាងមនុស្សលោក។
13 ហេតុអ្វីបានជាលោកចោទប្រកាន់ព្រះអង្គថាព្រះអង្គមិនឆ្លើយតបនឹងពាក្យរបស់លោកដូច្នេះ?
14 ព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបផ្សេងៗតែគ្មាននរណាចាប់អារម្មណ៍ទេ។
15 ព្រះអង្គមានព្រះបន្ទូលតាមរយៈការយល់សប្ដិតាមរយៈសុបិននិមិត្តនារាត្រីកាលក្នុងពេលដែលមនុស្សកំពុងតែដេកលង់លក់មិនដឹងខ្លួន។
16 ព្រះអង្គក៏សម្តែងឲ្យគេស្គាល់ព្រះហឫទ័យរបស់ព្រះអង្គព្រមទាំងបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គឲ្យគេយល់យ៉ាងច្បាស់ផង។
17 ធ្វើដូច្នេះ ព្រះអង្គនាំមនុស្សឲ្យងាកចេញពីអំពើអាក្រក់ហើយការពារមនុស្សកុំឲ្យមានអំនួត
18 ដើម្បីកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅនិងការពារជីវិតគេ ឲ្យរួចពីមុខលំពែង។
19 ព្រះជាម្ចាស់ក៏វាយប្រដៅមនុស្សតាមរយៈការឈឺចាប់ដែរ គឺនៅពេលដែលគេដេកឈឺចុកចាប់សព្វសព៌ាង្គកាយ។
20 ពេលនោះ គេបរិភោគអាហារលែងកើតហើយក៏លែងនឹកឃ្លានម្ហូបចំណីទៀតដែរ។
21 រូបកាយរបស់គេកាន់តែស្គមទៅៗនៅសល់តែស្បែក និងឆ្អឹង។
22 គេកាន់តែខិតជិតរណ្ដៅជីវិតរបស់គេ ក៏ខិតទៅជិតមច្ចុរាជដែរ។
23 ក៏ប៉ុន្តែ ប្រសិនបើមានទេវតាមួយរូបក្នុងចំណោមទេវតាមួយពាន់មកបកស្រាយ និងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវត្រឹមត្រូវ
24 ព្រះជាម្ចាស់មុខជាលើកលែងទោសឲ្យគេដ្បិតទេវតាអង្វរថា:“សូមដោះលែងអ្នកនេះទៅកុំឲ្យគេធ្លាក់ទៅក្នុងរណ្ដៅឡើយទូលបង្គំរកបានហេតុផលដើម្បីរំដោះគេហើយ!”។
25 ពេលនោះ សាច់ឈាមរបស់គេនឹងប្រែជាស្រស់ស្អាតដូចគ្រានៅពីក្មេងហើយគេនឹងបានដូចគ្រានៅវ័យជំទង់។
26 ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេគេចូលទៅគាល់ព្រះអង្គដោយអំណរព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
27 ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា:“ខ្ញុំបានប្រព្រឹត្តអំពើបាបខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវតែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
28 ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
29 ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរឬបីលើក ចំពោះមនុស្ស
30 ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។
31 លោកយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ!សូមលោកនៅស្ងៀមទៅទុកឲ្យខ្ញុំនិយាយម្ដង!
32 ប្រសិនបើលោកចង់ឆ្លើយសូមឆ្លើយមកចុះ!សូមមានប្រសាសន៍មកដ្បិតខ្ញុំចង់រកយុត្តិធម៌ជូនលោក។
33 បើគ្មានទេ សូមស្ដាប់ខ្ញុំ!សូមនៅស្ងៀមទៅខ្ញុំនឹងបង្រៀនលោកអំពីប្រាជ្ញា»។