1 ពពែព្រៃមានកូននៅពេលណាតើអ្នកដឹងឬទេ?តើអ្នកដែលសង្កេតឃើញក្ដាន់ញីបង្កើតកូនឬទេ?
2 តើអ្នកបានរាប់ចំនួនខែដែលវាផើមហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?
3 វាក្រាបចុះ រួចបង្កើតកូនចេញមកហើយបាត់ការឈឺចាប់។
4 កូនរបស់វាក៏មានកម្លាំងមាំមួនហើយចម្រើនធំឡើងនៅតាមទីវាលរួចចាកចេញពីមេវាទៅឥតវិលត្រឡប់មកវិញឡើយ។
5 តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃដោយស្រាយចំណងរបស់វា?
6 យើងបានឲ្យវារស់នៅតាមព្រៃល្បោះដីដែលមានជាតិប្រៃជាលំនៅរបស់វា។
7 វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរហើយក៏មិនដែលឮសំឡេងម្ចាស់ណាស្រែកដាក់វាដែរ។
8 វារកស៊ីនៅតាមដងភ្នំវាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
9 តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នកហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?
10 តើអ្នកអាចយកខ្សែមកចងគោព្រៃបង្ខំវាឲ្យភ្ជួរស្រែបានឬទេ?តើវាសុខចិត្តអូសរនាស់ឲ្យអ្នកនៅតាមជ្រលងភ្នំឬទេ?
11 តើអ្នកអាចទុកចិត្តវាព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លាហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មានរបស់អ្នកឬទេ?
12 តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវយកទៅលានបោកបែនហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
13 សត្វអូទ្រុសទទះស្លាបយ៉ាងសង្ហាក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?
14 វាពងចោលនៅលើដីហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់
15 ដោយពុំនឹកស្មានថា គេអាចដើរពីលើឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
16 វាតឹងតែងជាមួយកូនរបស់វាធ្វើហាក់ដូចជាមិនមែនកូនរបស់វា។វាខំប្រឹងពង ទោះបីមិនបានការក៏វាមិនខ្វល់ខ្វាយអ្វីដែរ
17 ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញាហើយគ្មានគំនិតយោបល់។
18 ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខនោះសេះ និងអ្នកជិះសេះពុំអាចដេញតាមវាទាន់ឡើយ។
19 តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ?តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយដុះនៅលើកញ្ចឹងករបស់វា?
20 តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូបនិងមានសម្រែកគួរឲ្យញាប់ញ័រ?
21 វាបោលនៅតាមជ្រលងភ្នំហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
22 វាមិនចេះភ័យខ្លាច ឬតក់ស្លុតហើយមិនរាថយនៅចំពោះមុខដាវឡើយ។
23 សំឡេងបំពង់ព្រួញ សន្ធឹកលំពែងនិងស្ន លាន់ឮនៅលើខ្លួនវា។
24 វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខហើយពេលឮគេផ្លុំស្នែងវាពុំអាចនៅស្ងៀមបានទេ។
25 កាលណាឮគេផ្លុំស្នែង វាស្រែកឡើងវាស្រង់ក្លិនចំបាំងពីចម្ងាយហើយក៏ស្គាល់សំឡេងរបស់មេទ័ពនិងសម្រែកប្រកាសសឹកដែរ។
26 តើសត្វប្រមង់សំកាំងស្លាបតម្រង់ទៅទិសខាងត្បូងដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មីដោយសារគំនិតយោបល់របស់អ្នកឬ?
27 តើសត្វឥន្ទ្រីហើរឡើងទៅលើហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗតាមបញ្ជារបស់អ្នកឬ?
28 នៅពេលយប់ វាស្នាក់នៅតាមថ្មវាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗធ្វើជាកំពែងការពារខ្លួន។
29 ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពាវាអាចមើលឃើញពីចម្ងាយ។
30 កូនរបស់វាជញ្ជក់ឈាមទីណាមានសាកសព វាស្ថិតនៅទីនោះ»។