1 ឥឡូវនេះ សូមលោកស្រែកចុះក្រែងលោមាននរណាម្នាក់ឆ្លើយតបមកលោក។តើលោកអាចហៅទេវតាណាមួយឲ្យមកជួយបាន?
2 ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើការក្ដៅក្រហាយក៏រមែងធ្វើឲ្យមនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
3 ខ្ញុំធ្លាប់ឃើញមនុស្សល្ងីល្ងើចម្រុងចម្រើនប៉ុន្តែ រំពេចនោះ ខ្ញុំក៏ដាក់បណ្ដាសាផ្ទះរបស់គេថា:
4 សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ហើយកុំឲ្យមាននរណាការពារគេនៅពេលចៅក្រមដាក់ទោស។
5 សូមឲ្យមនុស្សអត់បាយនាំគ្នាមកដណ្ដើមយកភោគផលរបស់គេទោះបីមានបន្លាជុំវិញចម្ការក៏ដោយ។សូមឲ្យមនុស្សស្រេកឃ្លាននាំគ្នាមករឹបអូសយកទ្រព្យសម្បត្តិរបស់គេ។
6 អំពើទុច្ចរិតមិនមែនដុះចេញពីធូលីដីទេហើយទុក្ខវេទនាក៏មិនមែនដុះចេញពីដីដែរ។
7 មនុស្សកើតមក ដើម្បីរងទុក្ខវេទនាដូចផ្កាភ្លើងខ្ទាតឡើងទៅក្នុងលំហអាកាសដែរ។
8 ប្រសិនបើខ្ញុំមានទុក្ខដូចលោកវិញខ្ញុំនឹងស្រែកអង្វរព្រះជាម្ចាស់ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំមកទូលថ្វាយព្រះអង្គ។
9 ព្រះអង្គធ្វើការដ៏អស្ចារ្យ រកស្វែងយល់មិនបានស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គមានចំនួនច្រើនឥតគណនា។
10 ព្រះអង្គធ្វើឲ្យភ្លៀងបង្អុរមកលើផែនដីនិងប្រទានឲ្យមានទឹកស្រោចស្រពស្រែចម្ការ។
11 ព្រះអង្គលើកមនុស្សទន់ទាបឡើងហើយជួយសង្គ្រោះអ្នកដែលកាន់ទុក្ខ។
12 ព្រះអង្គរំលាយគម្រោងការមនុស្សមានល្បិចមិនឲ្យគេសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
13 ព្រះអង្គធ្វើឲ្យអ្នកប្រាជ្ញធ្លាក់ក្នុងល្បិចកិច្ចកលរបស់ខ្លួនហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់របស់ពួកគេ ប្រែជាឥតបានការ។
14 នៅពេលថ្ងៃ ពួកគេជំពប់ជើងដូចដើរនៅពេលយប់ងងឹតហើយពួកគេដើរស្ទាបៗនៅកណ្ដាលថ្ងៃត្រង់ដូចដើរនៅពេលយប់ដែរ។
15 ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌តឲ្យរួចផុតពីមុខដាវ ពីចង្កូមនិងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។
16 ព្រះអង្គប្រទានសេចក្ដីសង្ឃឹមដល់មនុស្សទន់ខ្សោយតែព្រះអង្គបំបិទមាត់មនុស្សទុច្ចរិត។
17 ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅពិតជាមានសុភមង្គលមិនខាន។មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះដែលប្រកបដោយឫទ្ធានុភាពឡើយ។
18 ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់តែព្រះអង្គនឹងព្យាបាលឡើងវិញព្រះអង្គធ្វើឲ្យរបួសតែព្រះអង្គនឹងព្យាបាលមុខរបួសនេះដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
19 ព្រះអង្គជួយលោកឲ្យរួចពីទុក្ខកង្វល់ចំនួនប្រាំមួយដងតែនៅគ្រាទីប្រាំពីរ ការអាក្រក់នឹងពុំអាចកើតមានដល់លោកទេ។
20 នៅពេលកើតទុរ្ភិក្សព្រះអង្គរំដោះលោកពីសេចក្ដីស្លាប់ហើយនៅពេលកើតសង្គ្រាមព្រះអង្គរំដោះលោកពីមុខដាវ។
21 ព្រះអង្គនឹងការពារលោកពីពាក្យបរិហាររបស់អ្នកដទៃហើយលោកក៏នឹងមិនភ័យខ្លាចមហន្តរាយដែលកើតឡើងដែរ។
22 លោកនឹងមិនញញើត នៅចំពោះមុខមហន្តរាយ ការអត់ឃ្លានសត្វសាហាវមិនធ្វើឲ្យលោកភ័យខ្លាច។
23 ស្រែចម្ការរបស់លោកនឹងគ្មានដុំថ្មហើយគ្មានសត្វសាហាវមកយាយីលោកទេ។
24 លោកនឹងបានសុខសាន្តនៅក្នុងទីលំនៅរបស់លោកហើយពេលលោកមើលទៅហ្វូងសត្វក៏មិនឃើញមានបាត់បង់ដែរ។
25 លោកនឹងឃើញពូជពង្សរបស់លោកកើនចំនួនច្រើនឡើងកូនចៅរបស់លោកកើនចំនួនដូចស្មៅដុះនៅតាមទីវាល។
26 លោករស់បានអាយុវែង ស្កប់ស្កល់ហើយលាចាកលោកនេះទៅដូចស្រូវទុំនៅរដូវចម្រូត។
27 យើងបានសង្កេតមើលហេតុការណ៍ទាំងនេះហើយឃើញថាពិតជាកើតមានដូច្នេះមែន។ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ហើយយកជាមេរៀនចុះ!»។