1 ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំសើចចំអកឲ្យខ្ញុំ!ឪពុករបស់អ្នកទាំងនោះសុទ្ធតែជាមនុស្សប្រើការមិនកើតសូម្បីតែប្រើឲ្យកៀងហ្វូងសត្វជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
2 អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
3 ដោយខ្វះខាត និងឃ្លានខ្លាំងពេកពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសានរាំងស្ងួតតាំងពីយូរយារមកហើយ។
4 ពួកគេបោចស្លឹកឈើនៅតាមគុម្ពោតយកមកធ្វើជាអាហារសូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5 មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជនហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6 ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យនៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាចនិងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7 ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8 អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ឥតពូជ ឥតអំបូរហើយត្រូវប្រជាជនដេញចេញពីស្រុក។
9 ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នាច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10 ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំពួកគេមិនញញើតនឹងស្ដោះទឹកមាត់ដាក់ខ្ញុំឡើយ។
11 ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយព្រះអង្គបន្ទាបបន្ថោកខ្ញុំហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំតាមចិត្តរបស់ពួកគេ។
12 ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំពួកគេទាត់ជើងខ្ញុំហើយសង្គ្រប់មកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
13 ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួចពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាសដោយមិនបាច់មាននរណាជួយពួកគេឡើយ។
14 ពួកគេលើកគ្នាសម្រុកមកលើខ្ញុំដូចកងទ័ពទម្លុះកំពែងសម្រុកចូលវាយក្រុងមួយ។
15 ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំកិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16 ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17 នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំឥតមានពេលល្ហែសោះឡើយ
18 ការឈឺចាប់នេះមានកម្រិតខ្លាំងពេករហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19 ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20 ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយតែព្រះអង្គមិនឆ្លើយមកទូលបង្គំទេពេលទូលបង្គំក្រោកឈរព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21 ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
22 ព្រះអង្គលើកទូលបង្គំឡើងហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅព្រមទាំងឲ្យខ្យល់ព្យុះបក់បោកមកលើទូលបង្គំផង។
23 ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំទៅរកសេចក្ដីស្លាប់គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
24 អ្នកដែលកំពុងតែវិនាស និងមានអាសន្នតែងតែលើកដៃអង្វរឲ្យគេជួយ។
25 ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែករួមជាមួយនរណាម្នាក់ជួបទុក្ខលំបាកហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់កំសត់ទុគ៌ត ទេឬ?
26 ខ្ញុំសង្ឃឹមថាបានសុភមង្គលតែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជាកើតមានដល់ខ្ញុំទៅវិញ។
27 ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
28 មុខខ្ញុំឡើងខ្មៅតែមិនមែនដោយសារកម្ដៅថ្ងៃទេខ្ញុំក្រោកឈរនៅទីប្រជុំជនស្រែកហៅគេឲ្យជួយ។
29 ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃនិងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
30 ស្បែករបស់ខ្ញុំឡើងខ្មៅគ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
31 ពិណរបស់ខ្ញុំលេងបានតែបទទំនួញសំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរអស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។