យ៉ូប 4 KHSV

ប្រសាសន៍​របស់​លោក​អេលី‌ផាស: អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅ ពិត​ជា​មាន​សុភមង្គល​មិន​ខាន!

1 លោក​អេលី‌ផាស ជា​អ្នក​ស្រុក​ថេម៉ាន ពោល​ឡើង​ថា៖

2 «ប្រសិន​បើ​យើង​ជូន​យោបល់​តែ​មួយ​ម៉ាត់តើ​លោក​ធុញ‌ទ្រាន់​នឹង​ស្ដាប់​ឬ​ទេ?ប៉ុន្តែ តើ​នរណា​ទ្រាំ​មិន​និយាយ​កើត?

3 លោក​បាន​ទូន្មាន​មនុស្ស​ជា​ច្រើនហើយ​លោក​ក៏​បាន​ជួយ​មនុស្ស​ជា​ច្រើនឲ្យ​មាន​កម្លាំង​ឡើង​វិញ​ដែរ។

4 ពាក្យ​ដែល​លោក​មាន​ប្រសាសន៍បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញលោក​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ទន់​ជង្គង់អាច​ឈរ​មាំ‌មួន​ឡើង​វិញ​ដែរ។

5 ឥឡូវ​នេះ ដល់​វេន​លោកលោក​បែរ​ជា​បាក់​ទឹក​ចិត្តពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​លោកលោក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។

6 លោក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ដូច្នេះ ចូរ​មាន​សង្ឃឹមនិង​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ចុះ។

7 សូម​លោក​គិត​មើល​ចុះ​ថាតើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?

8 ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិតរមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជា‌និច្ច

9 គឺ​ពួក​គេ​វិនាស​ដោយ‌សារ​ព្រះ‌ពិរោធ​របស់ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេដូច​ព្យុះ​សង្ឃរា។

10 ពួក​គេ​ស្រែក​ដូច​សិង្ហ ហើយ​គ្រហឹម​ដូច​ខ្លាតែ​ព្រះ‌អម្ចាស់​នឹង​បំបិទ​មាត់ហើយ​បំបាក់​ចង្កូម​របស់​ពួក​គេ។

11 សិង្ហ​សាហាវ​នឹង​វិនាស​ទៅ​ដោយ​អត់​អាហារកូន​របស់​វា​នឹង​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី។

12 ខ្ញុំ​បាន​ឮ​សេចក្ដី​មួយ​យ៉ាង​ស្ងាត់ៗហើយ​ត្រចៀក​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​មួយយ៉ាង​ស្រាលៗ។

13 ខ្ញុំ​ឮ​សេចក្ដី​នោះ​ក្នុង​សុបិន​នៅ​ពេល​យប់គឺ​ក្នុង​ពេល​ដែល​មនុស្ស​ដេក​លង់‌លក់​ឥត​ដឹង​ខ្លួន។

14 ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់ ញាប់‌ញ័រ​សព្វ​សព៌ាង្គ‌កាយ

15 គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹងផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សម្បុរ។

16 មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ខ្ញុំតែ​ខ្ញុំ​មើល​មិន​ស្គាល់​ថា​ជា​នរណា​ទេមាន​ដូច​ជា​ស្រមោល​មួយ​នៅ​ចំពោះ​មុខ​ខ្ញុំហើយ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នោះខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា:

17 “តើ​មនុស្ស​ដែល​តែងតែ​ស្លាប់សុចរិត​ជាង​ព្រះ‌ជាម្ចាស់តើ​គេ​បរិសុទ្ធ​ជាង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​ឬ?

18 សូម្បី​តែ​ពួក​ទេវតា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គក៏​ព្រះ‌អង្គ​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយព្រោះ​ព្រះ‌អង្គ​ទត​ឃើញ​គេ​មាន​កំហុស

19 នោះ​ចំណង់​បើ​មនុស្ស​ដែល​មាន​ធាតុ​ជា​ដី​ឥដ្ឋកើត​មក​ពី​ធូលី​ដីហើយ​ដែល​គេ​អាច​ជាន់​កម្ទេច​ដូច​ដង្កូវ​នេះតើ​ឲ្យ​ព្រះ‌អង្គ​ទុក​ចិត្ត​ដូច​ម្ដេច​បាន?

20 ក្នុង​ពេល​តែ​មួយ​ថ្ងៃ មនុស្ស​ត្រូវ​អន្តរាយហើយ​វិនាស​សូន្យ​ទៅដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍​ឡើយ។

21 ពេល​ខ្សែ​ជីវិត​របស់​គេ​ត្រូវ​ដាច់គេ​ស្លាប់​ទៅ ទាំង​មិន​យល់​អ្វី​ទាំង​អស់”។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42