យ៉ូប 11 KHSV

ប្រសាសន៍​របស់​លោក​សូផារ: សូម​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ!

1 លោក​សូផារ ជា​អ្នក​ស្រុក​ណា‌អាម៉ា ឆ្លើយ​ឡើង​ថា៖

2 «តើ​យើង​គួរ​នៅ​ស្ងៀមមិន​ឆ្លើយ​តប​នឹង​ពាក្យ‌ពេចន៍​ដ៏​ច្រើន​នេះ​ឬ?សម្ដី​របស់​អ្នក​ពូកែ​វោហារមិន​មែន​ធ្វើ​ឲ្យ​ខ្លួន​បាន​សុចរិត​ទេ។

3 ពាក្យ​ព្រោក‌ប្រាជ្ញ​របស់​លោកមិន​អាច​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​នៅ​ស្ងៀម​ឡើយ។បើ​លោក​មើល‌ងាយ​គេគេ​ក៏​ធ្វើ​ឲ្យ​លោក​អាម៉ាស់​មុខ​វិញ​ដែរ។

4 លោក​មាន​ប្រសាសន៍​ថា:“អ្វីៗ​ដែល​ទូលបង្គំ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវទូលបង្គំ​ជា​មនុស្ស​បរិសុទ្ធដូច​ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ”។

5 ខ្ញុំ​បន់​ឲ្យ​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូលគឺ​សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកផ្ទាល់​តែ​ម្ដង។

6 សូម​ព្រះ‌អង្គ​ថ្លែង​ប្រាប់​លោក​ពី​អាថ៌‌កំបាំងនៃ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គដែល​ខ្ពស់​លើស​ការ​យល់​ដឹង​របស់​មនុស្សពេល​នោះ លោក​នឹង​ដឹង​ថាព្រះ‌ជាម្ចាស់​បំភ្លេច​ចោល​នូវ​កំហុស​មួយ​ផ្នែករបស់​លោក។

7 តើ​លោក​អាច​ស្វែង​យល់​ជម្រៅ​ព្រះ‌ហឫទ័យរបស់​ព្រះ‌ជាម្ចាស់ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះនៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?

8 លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះខ្ពស់​លើស​ផ្ទៃ​មេឃហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀតដែល​លោក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។

9 លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ​ធំ​ជាង​ផែនដីហើយ​ទូលាយ​ជាង​សមុទ្រ​ទៅ​ទៀត។

10 បើ​ព្រះ‌អង្គ​យាង​មក​ចាប់​អ្នក​មាន​ទោសនាំ​ទៅ​តុលា​ការតើ​នរណា​អាច​ជំទាស់​នឹង​ព្រះ‌អង្គ​បាន?

11 ព្រះ‌ជាម្ចាស់​ស្គាល់​មនុស្ស​ឥត​បាន​ការ​យ៉ាង​ច្បាស់ព្រះ‌អង្គ​ទត​ឃើញ​អំពើ​ទុច្ចរិត​របស់​គេដោយ​មិន​បាច់​ពិចារណា​វែង​ឆ្ងាយ។

12 មនុស្ស​ល្ងី‌ល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញាលុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង។

13 ចំណែក​ឯ​លោក​វិញប្រសិន​បើ​លោក​បែរ​ចិត្ត​រក​ព្រះ‌ជាម្ចាស់ហើយ​លើក​ដៃ​អង្វរ​ករ​ព្រះ‌អង្គ

14 ប្រសិន​បើ​លោក​បោះ​បង់​ចោល​អំពើ​អាក្រក់ដែល​លោក​ប្រព្រឹត្តហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​លោក

15 នោះ​លោក​នឹង​អាច​ងើប​មុខ​ឡើង​វិញ​បានព្រោះ​លោក​គ្មាន​កំហុស​ទៀត​ទេលោក​នឹង​បាន​រឹង‌ប៉ឹង ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។

16 លោក​នឹង​ភ្លេច​អស់​នូវ​ទុក្ខ​កង្វល់ដូច​ទឹក​ដែល​ហូរ​បាត់​ទៅគឺ​លោក​នឹង​មិន​នឹក​ចាំ​ទៀត​ទេ។

17 ជីវិត​របស់​លោក​នឹង​បាន​ភ្លឺ​ជាង​ពន្លឺ​ព្រះ‌អាទិត្យនៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ទៀតហើយ​ភាព​ងងឹត​ប្រៀប​ដូច​ជា​ពេល​អរុណ‌រះ។

18 លោក​នឹង​មិន​បារម្ភ​អ្វី​សោះ​ឡើយព្រោះ​លោក​មាន​សង្ឃឹម។លោក​លែង​អាម៉ាស់ហើយ​លោក​នឹង​សម្រាន្ដ​យ៉ាង​សុខ​ស្រួល។

19 ពេល​លោក​សម្រាកគ្មាន​នរណា​មក​រំខាន​លោក​ឡើយ។មនុស្ស​ជា​ច្រើន​នឹង​កោត​សរសើរ​លោក។

20 ចំណែក​ឯ​មនុស្ស​អាក្រក់​វិញភ្នែក​របស់​ពួក​គេ​នឹង​ងងឹត​ទៅៗពួក​គេ​រក​ទី​ពឹង​ពុំ​បាន​ឡើយពួក​គេ​មាន​សង្ឃឹម​តែ​មួយ គឺ​ការ​ផុត​ដង្ហើម»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42