1 លោកអេលីហ៊ូវមានប្រសាសន៍ទៀតថា៖
2 «អស់អ្នកដែលមានប្រាជ្ញាអើយសូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ!អស់អ្នកដែលចេះដឹងអើយសូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
3 ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
4 យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
5 លោកយ៉ូបមានប្រសាសន៍ថា៖«ខ្ញុំជាមនុស្សសុចរិតតែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
6 ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែររបួសរបស់ខ្ញុំពុំអាចព្យាបាលបានទេតែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
7 តើមាននរណាម្នាក់ដូចលោកយ៉ូបទេគាត់ពោលពាក្យប្រមាថយ៉ាងងាយដូចគេផឹកទឹក។
8 គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិតហើយដើរជាមួយមនុស្សអាក្រក់
9 ដ្បិតគាត់ពោលថា តើមនុស្សខិតខំផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
10 «ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយសូមនាំគ្នាស្ដាប់ខ្ញុំ!ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11 ព្រះអង្គតបស្នងចំពោះមនុស្សលោកតាមអំពើដែលខ្លួនប្រព្រឹត្តព្រះអង្គឲ្យម្នាក់ៗទទួលផលតាមរបៀបដែលខ្លួនរស់នៅ។
12 ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្តអំពើអាក្រក់ជាដាច់ខាតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនប្រាសចាកយុត្តិធម៌ឡើយ។
13 តើនរណាប្រគល់អំណាចឲ្យព្រះអង្គគ្រប់គ្រងផែនដី?តើនរណាប្រគល់ពិភពលោកទាំងមូលមកឲ្យព្រះអង្គកាន់កាប់?
14 ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយតែចំពោះព្រះអង្គផ្ទាល់ហើយបើព្រះអង្គដកយកព្រះវិញ្ញាណនិងដង្ហើមជីវិតទៅវិញនោះ
15 សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នាមនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
16 ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះសូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
17 ប្រសិនបើព្រះជាម្ចាស់ស្អប់យុត្តិធម៌តើព្រះអង្គគ្រប់គ្រងផែនដីកើតឬ?តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិតជាព្រះដ៏ឧត្តុង្គឧត្ដមឬ?
18 មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា“មនុស្សពាល!”ឬស្ដីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
19 រីឯព្រះជាម្ចាស់វិញព្រះអង្គមិនរើសមុខមេដឹកនាំឡើយហើយព្រះអង្គក៏មិនយោគយល់អ្នកមានជាងអ្នកក្រដែរដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
20 ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែកនៅពាក់កណ្ដាលអធ្រាត្រប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅគេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21 ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
22 គ្មានភាពងងឹត ឬភាពអន្ធការណាបាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតមិនឲ្យព្រះអង្គទតឃើញឡើយ។
23 ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យមុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដីរបស់ព្រះអង្គឡើយ។
24 ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាចដោយមិនបាច់សួរនាំហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25 ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្តព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាចក្នុងពេលតែមួយយប់។
26 ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជនដូចវាយជនទុច្ចរិត
27 ព្រោះពួកគេងាកចេញពីព្រះអង្គហើយមិនចង់ស្វែងយល់អំពីមាគ៌ារបស់ព្រះអង្គទេ។
28 ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្ររហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។
29 ប្រសិនបើព្រះជាម្ចាស់សំងំនៅស្ងៀមតើនរណាហ៊ានថ្កោលទោសព្រះអង្គ?ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះតើនរណាមើលព្រះអង្គឃើញ?ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ក៏ដូចជាប្រជាជាតិមួយដែរ
30 ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យជនពាលគ្រងរាជ្យហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។
31 បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា:“ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32 សូមបង្ហាញកំហុសណាដែលទូលបង្គំមើលមិនឃើញប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះទូលបង្គំរាងចាលហើយ”
33 តាមយោបល់របស់លោក តើព្រះអង្គត្រូវដាក់ទោសអ្នកពោលដូច្នេះឬទេ?ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀនគឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
34 មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំមនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
35 លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។
36 សូមសួរចម្លើយលោកយ៉ូបរហូតដល់ចប់ចុងចប់ដើមព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
37 ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់ពីលើអំពើបាបរបស់ខ្លួនគឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ហើយបង្កឲ្យមានការសង្ស័យក្នុងចំណោមពួកយើង»។