1 កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។
2 ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់។
3 គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន។
4 ដោយលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។
5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
6 លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖«ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រមិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
7 ខ្ញុំតែងគិតថា មនុស្សមានអាយុវែងរមែងប្រសប់និយាយអ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។
8 ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្សគឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះទើបផ្ដល់ឲ្យគេយល់ដឹងបាន។
9 រស់បានច្រើនឆ្នាំមិនផ្ដល់ឲ្យមនុស្សមានប្រាជ្ញាឡើយហើយមនុស្សចាស់ជរាក៏មិនស្គាល់ការវិនិច្ឆ័យដែរ។
10 ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដងខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍រហូតដល់ចប់
11 ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យដែលអស់លោកថ្លែងរហូតដល់អស់លោកវែកញែកអស់សេចក្ដី។
12 ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោកក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោកជជែកឈ្នះលោកយ៉ូបឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ!
13 ហេតុនេះ សូមកុំអះអាងថាអស់លោករកបានប្រាជ្ញានោះឡើយ។មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចតទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
14 លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញតាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
15 លោកយ៉ូបអើយលោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
16 ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ
17 ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដងខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។
18 ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយគឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀមបានទៀតឡើយ។
19 ប្រសិនបើខ្ញុំមិននិយាយទេចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែកដែលដាក់ស្រាទំពាំងបាយជូរថ្មី។
20 ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូងខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
21 ខ្ញុំមិនរើសមុខនរណាឡើយហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
22 ខ្ញុំមិនចេះបញ្ចើចបញ្ចើទេបើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជាដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។