1 លោកយ៉ូបឆ្លើយវិញថា៖
2 «សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យដែលខ្ញុំថ្លែងដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
3 សូមទ្រាំស្ដាប់ខ្ញុំនិយាយសិនពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។
4 ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
5 សូមក្រឡេកមើលមកខ្ញុំនោះអស់លោកនឹងស្រឡាំងកាំងហាមាត់និយាយលែងកើត។
6 ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែលកើតមានចំពោះខ្ញុំនោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
7 ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
8 កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេហើយពូជពង្សរបស់គេក៏ចម្រុងចម្រើននៅចំពោះមុខគេដែរ។
9 ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខគឺគ្មានការភ័យខ្លាចអ្វីឡើយព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារពួកគេសោះ។
10 ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើងឥតដែលមានខូចបង់អ្វីឡើយ។
11 កូនតូចៗរបស់ពួកគេរត់លេងមានគ្នាច្រើនដូចហ្វូងសត្វហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
12 ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណហើយសប្បាយរីករាយនឹងសំឡេងប៉ី។
13 រៀងរាល់ថ្ងៃ ពួកគេរស់នៅប្រកបដោយសុភមង្គលរួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
14 អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅយើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
15 តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វីបានជាយើងត្រូវបម្រើព្រះអង្គតើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?”
16 អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួន។ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មានរបស់មនុស្សអាក្រក់?
17 ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់តែងតែរលត់ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេព្រះជាម្ចាស់ដាក់ទោសពួកគេស្របតាមព្រះពិរោធរបស់ព្រះអង្គ។
18 ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
19 អស់លោកពោលថា“ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត”ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោសមនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។
20 សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួនគឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
21 កាលណាចំនួនខែដែលគេត្រូវរស់ឈានដល់ទីបញ្ចប់ហើយគេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសាររបស់ខ្លួនបានទេ។
22 គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់ឲ្យចេះដឹងបានឡើយដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។
23 អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុកហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
24 សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។
25 អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។
26 ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់ហើយមានដង្កូវចោះដូចគ្នា។
27 ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់ហើយក៏ស្គាល់ការរិះគិតរបស់អស់លោកចំពោះខ្ញុំដែរ។
28 អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណាលំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះនៅឯណា”
29 តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ?តើអស់លោកមិនឮគេប្រាប់ទេឬ ថា
30 នៅថ្ងៃមានទុក្ខវេទនានៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធមនុស្សអាក្រក់តែងតែរួចខ្លួន។
31 មិនដែលមាននរណាបន្ទោសអ្នកនោះចំពោះមុខទេហើយក៏គ្មាននរណាធ្វើទោសគេតាមអំពើដែលគេបានប្រព្រឹត្តដែរ។
32 គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះហើយមានមនុស្សចាំយាមផ្នូរទៀតផង
33 មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយហើយគំនរដីនៅជ្រលងភ្នំដែលលុបពីលើសពរបស់គេក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
34 ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដីឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ?ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។