1 លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអាពោលឡើងថា៖
2 «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះដល់ពេលណាទៀត?ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។
3 ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យគាត់ចាត់ទុកយើងដូចសត្វធាតុ?ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើងដូចមនុស្សល្ងីល្ងើ?
4 ឱលោកដែលអារសាច់ខ្លួនឯងព្រោះតែកំហឹងអើយតើគួរឲ្យផែនដីក្លាយទៅជាទីស្មសាននិងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ?
5 ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ហើយអណ្ដាតភ្លើងនៅចង្ក្រានរបស់គេក៏លែងភ្លឺដែរ។
6 ពន្លឺនៅក្នុងទីលំនៅរបស់គេនឹងត្រូវងងឹតសូន្យចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។
7 ជំហានដ៏មាំមួនរបស់គេបែរជាឃ្លីងឃ្លោងគម្រោងការរបស់គេនឹងធ្វើឲ្យគេជំពប់ដួល
8 ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់គេដើរឆ្ពោះទៅកាន់រណ្ដៅ។
9 កជើងរបស់គេជាប់អន្ទាក់ហើយចំណងរួតរឹតគេ។
10 មានអង្គប់បង្កប់ចាំចាប់គេហើយក៏មានអន្ទាក់នៅតាមផ្លូវរបស់គេដែរ។
11 ការភ័យខ្លាចឡោមព័ទ្ធជុំវិញគេព្រមទាំងដេញកិតពីក្រោយគេជានិច្ច។
12 គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លានទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។
13 ស្បែករបស់គេដាច់ជាដុំៗហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។
14 សេចក្ដីស្លាប់ដកគេចេញពីលំនៅដែលជាទីទុកចិត្តរបស់គេហើយនាំគេទៅជួបមច្ចុរាជ។
15 នរណាក៏អាចមករស់ក្នុងលំនៅរបស់គេបានដែរព្រោះជាលំនៅដែលគ្មានម្ចាស់។គេរាយស្ពាន់ធ័រពេញទីលំនៅរបស់គេ។
16 ឫសរបស់គេត្រូវងាប់ហើយមែកខ្ចីៗរបស់គេត្រូវស្លោក។
17 គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយហើយក៏គ្មាននរណានិយាយពីឈ្មោះរបស់គេទៀតដែរ។
18 មច្ចុរាជនឹងច្រានគេពីពន្លឺទម្លាក់ទៅក្នុងទីងងឹតព្រមទាំងដកគេចេញពីពិភពលោក។
19 គេគ្មានកូន គ្មានចៅតពូជក្នុងចំណោមប្រជាជនរបស់ខ្លួនហើយនៅក្នុងក្រុមគ្រួសាររបស់គេគ្មាននរណាម្នាក់នៅសេសសល់ឡើយ។
20 ពីទិសខាងកើតរហូតដល់ទិសខាងលិចអស់អ្នកដែលបានឮពីការវេទនារបស់គេនឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
21 មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់រមែងជួបមហន្តរាយបែបនេះឯង!»។