1 លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖
2 «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារមកឆ្លើយដែរឬ?តើគេយកសេចក្ដីឥតបានការដូចខ្យល់ក្ដៅបក់ពីទិសបូព៌ាមកដាក់ពេញខ្លួនកើតឬ?
3 តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍មកនិយាយការពារខ្លួនដែរឬ?
4 ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯងលែងគោរពកោតខ្លាចព្រះជាម្ចាស់ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត!
5 សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមកលោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។
6 មិនមែនខ្ញុំទេ ដែលថ្កោលទោសលោកគឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោកហើយពាក្យសម្ដីរបស់លោកចោទប្រកាន់ខ្លួនឯង។
7 ក្នុងចំណោមមនុស្សទាំងអស់តើលោកកើតមកមុនគេឬតើលោកកើតមក មុនភ្នំទាំងឡាយឬ?
8 តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា?
9 តើមានការអ្វីដែលលោកដឹងតែយើងខ្ញុំមិនដឹង?តើមានការអ្វីដែលលោកយល់តែយើងខ្ញុំមិនយល់?
10 ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យដែលមានវ័យចំណាស់ៗមានអាយុវែងជាងឪពុករបស់លោកទៅទៀត!
11 ព្រះជាម្ចាស់ឲ្យយើងខ្ញុំមកសម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ?
12 ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោលនិងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ?
13 ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។
14 តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើតតើមនុស្សដែលកើតចេញមកពីស្ត្រីអាចសុចរិតដូចម្ដេចកើត?
15 សូម្បីតែពួកទេវតាដ៏វិសុទ្ធរបស់ព្រះអង្គក៏ព្រះអង្គទុកចិត្តពុំបានហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធនៅចំពោះព្រះភ័ក្ត្រព្រះអង្គទៅហើយ
16 ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើមដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹកនោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត!
17 ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោកខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ
18 គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួលពីដូនតារបស់ពួកគេហើយយកមកថ្លែងប្រាប់ដោយឥតលាក់លៀម។
19 ព្រះជាម្ចាស់ប្រទានទឹកដីឲ្យដូនតារបស់ពួកគេតែប៉ុណ្ណោះគ្មានអ្នកដទៃទៀតមកឡូកឡំក្នុងទឹកដីនោះឡើយ។
20 មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃមនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
21 មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុងត្រចៀករបស់គេមេបំផ្លាញនឹងមកប្រហារគេក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
22 គេគ្មានសង្ឃឹមថាអាចគេចផុតពីសេចក្ដីងងឹតនិងគេចផុតពីមុខដាវបានឡើយ។
23 គេត្រេចចរស្វែងរកអាហារគេដឹងថា អនាគតរបស់គេមានតែភាពងងឹតសូន្យសុង។
24 ភាពអាសន្ន និងការឈឺចាប់អន្ទះសាប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង
25 ព្រោះគេបានលើកដៃប្រហារព្រះជាម្ចាស់ហើយលើកខ្លួនប្រឆាំងនឹងព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
26 គេហ៊ានរត់ទៅវាយប្រហារព្រះអង្គទាំងកាន់ខែលដ៏ក្រាស់ទៅជាមួយផង។
27 មុខគេឡើងខ្លាញ់ ហើយបានចម្រុងចម្រើន។
28 គេនឹងកាន់កាប់ទីក្រុងបាក់បែករស់នៅក្នុងផ្ទះដែលគេបោះបង់ចោលជាផ្ទះដែលជិតរលំ។
29 ប៉ុន្តែ គេមិនអាចធ្វើជាអ្នកមានតទៅទៀតទ្រព្យសម្បត្តិរបស់គេមិននៅស្ថិតស្ថេរគេនឹងមិនចម្រុងចម្រើននៅលើផែនដីឡើយ។
30 គេមិនអាចគេចផុតពីភាពងងឹតនៃសេចក្ដីស្លាប់ភ្លើងនឹងឆាបឆេះពូជពង្សរបស់គេហើយគេនឹងខ្ចាត់បាត់ទៅដោយសារព្រះពិរោធរបស់ព្រះជាម្ចាស់។
31 កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍បណ្ដាលឲ្យខកចិត្តនោះឡើយដ្បិតគេនឹងទទួលការឥតប្រយោជន៍ទុកជារង្វាន់។
32 ហេតុការណ៍នេះនឹងកើតមានដល់គេមុនពេលស្លាប់គឺប្រៀបដូចជាដើមឈើដែលលែងមានស្លឹកខៀវខ្ចីទៀតហើយ។
33 គេប្រៀបដូចជាដើមទំពាំងបាយជូរពេលផ្លែនៅខ្ចី ស្រាប់តែជ្រុះផ្លែអស់ហើយក៏ដូចដើមអូលីវ ដែលជ្រុះផ្កាអស់ដែរ។
34 ពូជរបស់មនុស្សទមិឡនឹងគ្មានកូនហើយភ្លើងនឹងឆាបឆេះទីលំនៅរបស់ជនពុករលួយ។
35 អ្នកបង្កគម្រោងការអាក្រក់តែងតែបង្កើតឲ្យមានទុក្ខវេទនាអ្វីៗដែលកើតចេញពីគេធ្វើឲ្យគេខកចិត្ត»។