1 លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖
2 «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុនគឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំ
3 នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំឲ្យដើរកាត់ភាពងងឹត។
4 ពេលដែលខ្ញុំកំពុងតែចម្រុងចម្រើននោះព្រះជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។
5 ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតគង់នៅជាមួយខ្ញុំហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរ។
6 ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំយ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
7 ពេលខ្ញុំចេញទៅមាត់ទ្វារក្រុងអង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធាចារ្យ
8 ពួកយុវជនឃើញខ្ញុំគេនាំគ្នាដកខ្លួនថយពួកចាស់ទុំនាំគ្នាក្រោកឈរ។
9 ពួកមេដឹកនាំឈប់និយាយយកដៃខ្ទប់មាត់ ហើយនៅស្ងៀម
10 ពួកអភិជនក៏នៅស្ងៀមស្ងាត់មិនហ៊ាននិយាយស្ដីទេ។
11 ពេលមនុស្សម្នាឮខ្ញុំនិយាយ គេឲ្យពរខ្ញុំពេលគេឃើញខ្ញុំ គេពោលសរសើរខ្ញុំ
12 ដ្បិតពេលមនុស្សវេទនាស្រែកអង្វរខ្ញុំជួយយកអាសាគេហើយខ្ញុំក៏បានជួយក្មេងកំព្រាគ្មានទីពឹងដែរ។
13 អ្នកដែលហៀបនឹងស្លាប់ តែងឲ្យពរខ្ញុំហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយឲ្យមានអំណរសប្បាយ។
14 សេចក្ដីសុចរិតនៅជាប់ជាមួយខ្ញុំប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំនិងឆ្នួតក្បាលរបស់ខ្ញុំដែរ។
15 ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់និងជាជើងរបស់មនុស្សខ្វិន។
16 ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រហើយជួយរកខុសត្រូវឲ្យមនុស្សដែលខ្ញុំពុំស្គាល់ផង។
17 ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិតដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។
18 ពេលនោះ ខ្ញុំគិតថាខ្ញុំមុខជាមានអាយុវែងហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំ។
19 ខ្ញុំប្រៀបដូចជាដើមឈើដែលមានឫសចាក់ទៅរកទឹកហើយនៅពេលយប់មានសន្សើមធ្លាក់មកលើមែក។
20 ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសាជាថ្មីដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹង។
21 មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។
22 អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះគ្មាននរណាប្រកែកតវ៉ាទេតែពួកគេទទួលយកទាំងអស់គ្នា។
23 ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀងគឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
24 ពេលខ្ញុំញញឹមដាក់ពួកគេពួកគេរកជឿមិនបាន។ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណាចំពោះពួកគេ។
25 ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេខ្ញុំនឹងបង្ហាញផ្លូវពួកគេហើយខ្ញុំស្ថិតនៅជាមួយពួកគេដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួននិងដូចមនុស្សម្នាក់លើកទឹកចិត្តអស់អ្នកដែលកើតទុក្ខ។