1 លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖
2 «តើយើងគួរនៅស្ងៀមមិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ?សម្ដីរបស់អ្នកពូកែវោហារមិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។
3 ពាក្យព្រោកប្រាជ្ញរបស់លោកមិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។បើលោកមើលងាយគេគេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។
4 លោកមានប្រសាសន៍ថា:“អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវទូលបង្គំជាមនុស្សបរិសុទ្ធដូចព្រះអង្គជ្រាបស្រាប់ហើយ”។
5 ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូលគឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោកផ្ទាល់តែម្ដង។
6 សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គដែលខ្ពស់លើសការយល់ដឹងរបស់មនុស្សពេលនោះ លោកនឹងដឹងថាព្រះជាម្ចាស់បំភ្លេចចោលនូវកំហុសមួយផ្នែករបស់លោក។
7 តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះនៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
8 លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះខ្ពស់លើសផ្ទៃមេឃហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀតដែលលោកមិនអាចធ្វើ ឬយល់បានឡើយ។
9 លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះធំជាងផែនដីហើយទូលាយជាងសមុទ្រទៅទៀត។
10 បើព្រះអង្គយាងមកចាប់អ្នកមានទោសនាំទៅតុលាការតើនរណាអាចជំទាស់នឹងព្រះអង្គបាន?
11 ព្រះជាម្ចាស់ស្គាល់មនុស្សឥតបានការយ៉ាងច្បាស់ព្រះអង្គទតឃើញអំពើទុច្ចរិតរបស់គេដោយមិនបាច់ពិចារណាវែងឆ្ងាយ។
12 មនុស្សល្ងីល្ងើប្រែទៅជាមានប្រាជ្ញាលុះត្រាណាតែសេះដុះស្នែង។
13 ចំណែកឯលោកវិញប្រសិនបើលោកបែរចិត្តរកព្រះជាម្ចាស់ហើយលើកដៃអង្វរករព្រះអង្គ
14 ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ដែលលោកប្រព្រឹត្តហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក
15 នោះលោកនឹងអាចងើបមុខឡើងវិញបានព្រោះលោកគ្មានកំហុសទៀតទេលោកនឹងបានរឹងប៉ឹង ឥតភ័យខ្លាចអ្វីឡើយ។
16 លោកនឹងភ្លេចអស់នូវទុក្ខកង្វល់ដូចទឹកដែលហូរបាត់ទៅគឺលោកនឹងមិននឹកចាំទៀតទេ។
17 ជីវិតរបស់លោកនឹងបានភ្លឺជាងពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់ទៅទៀតហើយភាពងងឹតប្រៀបដូចជាពេលអរុណរះ។
18 លោកនឹងមិនបារម្ភអ្វីសោះឡើយព្រោះលោកមានសង្ឃឹម។លោកលែងអាម៉ាស់ហើយលោកនឹងសម្រាន្ដយ៉ាងសុខស្រួល។
19 ពេលលោកសម្រាកគ្មាននរណាមករំខានលោកឡើយ។មនុស្សជាច្រើននឹងកោតសរសើរលោក។
20 ចំណែកឯមនុស្សអាក្រក់វិញភ្នែករបស់ពួកគេនឹងងងឹតទៅៗពួកគេរកទីពឹងពុំបានឡើយពួកគេមានសង្ឃឹមតែមួយ គឺការផុតដង្ហើម»។