1 ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀកហើយខ្ញុំក៏បានយល់។
2 អ្វីៗដែលអស់លោកដឹង ខ្ញុំក៏ដឹងដែរគឺខ្ញុំមិនអន់ជាងអស់លោកទេ។
3 ក៏ប៉ុន្តែ ខ្ញុំនឹងទូលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតខ្ញុំចង់តវ៉ារឿងរ៉ាវរបស់ខ្ញុំជាមួយព្រះជាម្ចាស់តែប៉ុណ្ណោះ
4 ដ្បិតអស់លោកចេះតែយកការកុហកមកឡូកឡំជាមួយការពិតអស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
5 ប្រសិនបើអស់លោកនៅស្ងៀមនោះដូចជាមានប្រាជ្ញាជាង!
6 ឥឡូវនេះ សូមមេត្តាត្រងត្រាប់ស្ដាប់ពាក្យតវ៉ារបស់ខ្ញុំសិន។
7 តើអស់លោកពោលពាក្យមិនត្រឹមត្រូវក្នុងនាមព្រះជាម្ចាស់ហើយនិយាយពាក្យមិនពិតក្នុងនាមព្រះអង្គកើតឬ?
8 តើអស់លោកចង់កាន់ជើងព្រះជាម្ចាស់ហើយចង់តវ៉ាជំនួសព្រះអង្គឬ?
9 ប្រសិនបើព្រះអង្គពិនិត្យពិច័យមើលអស់លោកតើព្រះអង្គអាចឃើញការល្អនៅក្នុងអស់លោកឬទេ?តើលោកនឹកស្មានថាអាចបញ្ឆោតព្រះជាម្ចាស់ដូចបញ្ឆោតមនុស្សឬ?
10 ប្រសិនបើអស់លោកមានគំនិតកាន់ជើងដោយលួចលាក់នោះព្រះអង្គមុខជាស្ដីបន្ទោសអស់លោកមិនខាន។
11 ភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គនឹងធ្វើឲ្យអស់លោកញ័ររន្ធត់ព្រះអង្គនឹងធ្វើឲ្យអស់លោកភ័យតក់ស្លុត។
12 ពាក្យដែលអស់លោកនិយាយសុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះពាក្យដែលអស់លោកលើកយកមកតវ៉ាប្រៀបបាននឹងភក់។
13 សូមអស់លោកនៅស្ងៀមទុកឲ្យខ្ញុំនិយាយផង!បើមានផលវិបាកអ្វីកើតចំពោះខ្ញុំទុកឲ្យកើតទៅចុះ!
14 ខ្ញុំមិននឹកស្ដាយខ្លួនទេគឺខ្ញុំសុខចិត្តប្រថុយជីវិតរបស់ខ្ញុំ។
15 ព្រះអង្គមុខជាប្រហារខ្ញុំខ្ញុំលែងមានសង្ឃឹមអ្វីទៀតហើយប៉ុន្តែ ខ្ញុំនឹងការពារខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
16 ធ្វើដូច្នេះ ប្រហែលជាខ្ញុំបានរួចជីវិតដ្បិតគ្មានមនុស្សទុច្ចរិតណាអាចទៅឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គបានឡើយ។
17 សូមអស់លោកត្រងត្រាប់ស្ដាប់ពាក្យដែលខ្ញុំនឹងថ្លែងសូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំពន្យល់!
18 ខ្ញុំនឹងនិយាយការពារខ្លួនខ្ញុំព្រោះខ្ញុំដឹងថា ខ្ញុំគ្មានកំហុសអ្វីទេ។
19 តើនរណាចង់ចោទប្រកាន់ខ្ញុំ?ប្រសិនបើខ្ញុំខុសមែន ខ្ញុំសុខចិត្តនៅស្ងៀមហើយអត់ដង្ហើមឲ្យស្លាប់។
20 ប៉ុន្តែ សូមព្រះអង្គមេត្តាអនុញ្ញាតតាមសំណូមពរពីររបស់ទូលបង្គំនោះទូលបង្គំលែងលាក់ខ្លួនឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គទៀតឡើយ
21 គឺសូមដកព្រះហស្ដចេញពីទូលបង្គំហើយក៏កុំធ្វើឲ្យទូលបង្គំភ័យតក់ស្លុតទៀតដែរ។
22 បន្ទាប់មក សូមព្រះអង្គមានព្រះបន្ទូលមកកាន់ទូលបង្គំចុះទូលបង្គំនឹងឆ្លើយតបវិញឬមួយសូមទុកឲ្យទូលបង្គំនិយាយមុនរួចទើបព្រះអង្គឆ្លើយតាមក្រោយក៏បាន។
23 តើកំហុស និងអំពើបាបរបស់ទូលបង្គំមានចំនួនច្រើនប៉ុនណា?សូមប្រាប់ឲ្យទូលបង្គំដឹងពីអំពើទុច្ចរិតនិងអំពើបាបរបស់ទូលបង្គំផង។
24 ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំជាសត្រូវនឹងព្រះអង្គដូច្នេះ?
25 ទូលបង្គំប្រៀបដូចជាស្លឹកឈើ ឬចំបើងស្ងួតដែលប៉ើងតាមខ្យល់តើព្រះអង្គដេញតាមប្រហារទូលបង្គំធ្វើអ្វី?
26 ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗដែលទូលបង្គំប្រព្រឹត្តព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុសដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។
27 ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់ដែលទូលបង្គំប្រព្រឹត្តសូម្បីតែដានជើងទូលបង្គំក៏ព្រះអង្គតាមពិនិត្យមើលដែរ។
28 រូបកាយទូលបង្គំប្រៀបបាននឹងឈើពុកឬដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។