1 មនុស្សដែលកើតពីស្ត្រីរមែងមានអាយុខ្លីហើយមានពោរពេញដោយទុក្ខកង្វល់។
2 គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោលគេវិនាសបាត់ទៅដូចស្រមោលគឺមិននៅស្ថិតស្ថេរឡើយ។
3 ក៏ប៉ុន្តែ ព្រះអង្គទតមើលមកមនុស្សលោកដូចទូលបង្គំនេះហើយព្រះអង្គនាំទូលបង្គំយកទៅកាត់ក្ដី!
4 គ្មាននរណាម្នាក់អាចយកអ្វីដ៏បរិសុទ្ធចេញពីមនុស្សមិនបរិសុទ្ធបានឡើយ។
5 ព្រះអង្គកំណត់ចំនួនថ្ងៃនៃអាយុជីវិតរបស់គេនិងចំនួនខែដែលគេត្រូវរស់ព្រះអង្គកំណត់ចុងបញ្ចប់ឲ្យគេដែលគេពុំអាចឆ្លងផុតជាដាច់ខាត។
6 សូមព្រះអង្គងាកព្រះភ័ក្ត្រចេញពីមនុស្សទៅដើម្បីឲ្យគេបានសម្រាកហើយឲ្យគេបានសប្បាយដូចកម្មករទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ខ្លួន។
7 ដើមឈើតែងតែមានសង្ឃឹមជានិច្ចទោះបីគេកាប់វាចោល ក៏វានៅតែដុះឡើងវិញគឺវាមិនខ្វះពន្លកចេញពីគល់ទេ។
8 ទោះបីឫសរបស់វាកាន់តែចាស់នៅក្នុងដីទោះបីគល់របស់វាងាប់នៅក្នុងធូលីដីក្ដី
9 នៅពេលមានទឹក វាក៏លូតលាស់ឡើងវិញហើយបែកមែកដូចកូនឈើមួយដែរ។
10 រីឯមនុស្សវិញគេបាត់បង់កម្លាំង ហើយស្លាប់គេរលត់វិញ្ញាណ មិនដឹងជាទៅទីណាឡើយ។
11 ទឹកសមុទ្រអាចស្រកចុះហើយស្ទឹងក៏អាចរីងស្ងួតដែរ
12 រីឯមនុស្សលោកវិញ កាលណាគេស្លាប់ហើយគេមិនអាចក្រោកឡើងវិញបានទេសូម្បីតែផ្ទៃមេឃរលាយ ក៏គេមិនភ្ញាក់ដែរគឺគេនឹងដេកលក់ ឥតក្រោកឡើងវិញឡើយ។
13 សូមព្រះអង្គមេត្តាឲ្យទូលបង្គំជ្រកនៅក្នុងស្ថានមនុស្សស្លាប់សូមលាក់ទូលបង្គំនៅទីនោះរហូតដល់ព្រះអង្គស្ងប់ព្រះពិរោធហើយសូមកំណត់ពេលមួយដែលព្រះអង្គនឹកចាំពីទូលបង្គំឡើងវិញ។
14 ប្រសិនបើមនុស្សដែលស្លាប់ទៅហើយអាចរស់ឡើងវិញបាននោះទូលបង្គំនឹងនៅរង់ចាំគ្រប់ពេលវេលារហូតដល់ចុងបញ្ចប់នៃជីវិតដ៏វេទនានេះ។
15 ពេលនោះ ព្រះអង្គហៅទូលបង្គំទូលបង្គំនឹងឆ្លើយទៅព្រះអង្គវិញហើយព្រះអង្គមុខជារីករាយនឹងទូលបង្គំដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ។
16 នៅពេលនោះ ព្រះអង្គមើលថែទាំជំហានរបស់ទូលបង្គំហើយមិនគិតគូរពីអំពើបាបរបស់ទូលបង្គំទេ។
17 ព្រះអង្គនឹងបំភ្លេចចោលនូវកំហុសរបស់ទូលបង្គំហើយគ្របបាំងអំពើទុច្ចរិតរបស់ទូលបង្គំ។
18 ក៏ប៉ុន្តែ ភ្នំត្រូវរង្គើ រួចរលំរីឯផ្ទាំងសិលាកក្រើកចេញពីកន្លែងរបស់វា
19 ទឹកធ្វើឲ្យថ្មសឹកហើយទឹកហូរនាំយកដីទៅយ៉ាងណាព្រះអង្គក៏ធ្វើឲ្យសេចក្ដីសង្ឃឹមរបស់មនុស្សលោក រលាយយ៉ាងនោះដែរ។
20 ព្រះអង្គមានប្រៀបលើគេជានិច្ចរួចធ្វើឲ្យគេក៏វិនាសសូន្យទៅព្រះអង្គបំផ្លាស់បំប្រែផ្ទៃមុខរបស់គេហើយដេញគេទៅឆ្ងាយពីព្រះអង្គ។
21 កូនចៅរបស់គេទទួលកិត្តិយស គេពុំដឹងកូនចៅរបស់គេបាត់បង់កិត្តិយសក៏គេមិនឃើញដែរ
22 គឺគេដឹងតែពីការឈឺចាប់នៅក្នុងរូបកាយហើយរងទុក្ខនៅក្នុងចិត្តតែម្នាក់ឯង»។