1 លោកយ៉ូបឆ្លើយវិញថា៖
2 «តើអស់លោកធ្វើឲ្យខ្ញុំកើតទុក្ខគ្រាំគ្រា ហើយកម្ទេចខ្ញុំដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត?
3 អស់លោកផ្ចាញ់ផ្ចាលខ្ញុំដប់ដងទៅហើយតើអស់លោកមិនចេះខ្មាសដោយធ្វើបាបខ្ញុំបែបនេះទេឬ?
4 ប្រសិនបើខ្ញុំបានធ្វើខុសមែននោះកំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។
5 ប្រសិនបើអស់លោកបន្តុះបង្អាប់ខ្ញុំដើម្បីលើកតម្កើងខ្លួនឯងហើយយកទុក្ខវេទនារបស់ខ្ញុំមកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស
6 នោះតោងដឹងថាព្រះជាម្ចាស់ទេតើដែលដាក់កំហុសនេះមកលើខ្ញុំព្រះអង្គបោះសំណាញ់របស់ព្រះអង្គមកលើខ្ញុំ។
7 ប្រសិនបើខ្ញុំស្រែកហៅគេជួយក៏គ្មាននរណាឆ្លើយប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
8 ព្រះអង្គឃាំងផ្លូវខ្ញុំមិនឲ្យទៅមុខរួចព្រះអង្គធ្វើឲ្យផ្លូវរបស់ខ្ញុំប្រែជាងងឹត។
9 ព្រះអង្គដកកិត្តិយសចេញពីខ្ញុំព្រះអង្គយកមកុដចេញពីក្បាលរបស់ខ្ញុំ។
10 ព្រះអង្គប្រហារខ្ញុំពីគ្រប់ទិសទីធ្វើឲ្យខ្ញុំវិនាសព្រះអង្គរំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំដូចគេរំលើងដើមឈើ។
11 ព្រះពិរោធរបស់ព្រះអង្គឆាបឆេះមកលើខ្ញុំព្រះអង្គចាត់ទុកខ្ញុំដូចជាបច្ចាមិត្ត។
12 កងទ័ពរបស់ព្រះអង្គលើកគ្នាមកវាយលុកខ្ញុំពួកគេបោះទ័ពព័ទ្ធជុំវិញលំនៅខ្ញុំ។
13 ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំអស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំបានក្លាយជាអ្នកដទៃទៅវិញ។
14 សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំអ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
15 ភ្ញៀវរបស់ខ្ញុំ ព្រមទាំងស្រីបម្រើរបស់ខ្ញុំបានចាត់ទុកខ្ញុំដូចជាអ្នកដទៃគេមើលមកខ្ញុំដូចមនុស្សដែលមិនធ្លាប់ស្គាល់។
16 ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំតែគេមិនឆ្លើយតបវិញទេទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។
17 ដង្ហើមរបស់ខ្ញុំជះក្លិនអសោចធ្វើឲ្យប្រពន្ធរបស់ខ្ញុំទ្រាំមិនបានបងប្អូនបង្កើតរបស់ខ្ញុំក៏ខ្ពើមខ្ញុំដែរ។
18 សូម្បីតែក្មេងក្មាង ក៏មើលងាយខ្ញុំពេលខ្ញុំងើបឈរឡើងនោះពួកវានាំគ្នានិយាយឡកឡឺយដាក់ខ្ញុំ។
19 អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំអស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នាប្រឆាំងនឹងខ្ញុំ។
20 ខ្ញុំនៅសល់តែស្បែក និងឆ្អឹងហើយវិះតែនឹងស្លាប់ទៀតផង។
21 មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំសូមអាណិតមេត្តាខ្ញុំផង!ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
22 ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំដូចព្រះជាម្ចាស់យ៉ាងនេះអស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ?
23 សូមឲ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុកគឺចារទុកនៅក្នុងក្រាំងមួយ!
24 សូមឲ្យគេចារឹកពាក្យនេះដោយដែកឆ្លាក់ និងសំណទុកនៅលើផ្ទាំងថ្មរហូតតទៅ។
25 ប៉ុន្តែ ខ្ញុំដឹងថាព្រះដែលលោះខ្ញុំទ្រង់មានព្រះជន្មគង់នៅព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់នៅលើផែនដី។
26 ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅនោះខ្ញុំផ្ទាល់នឹងឃើញព្រះភ័ក្ត្រព្រះជាម្ចាស់
27 ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែកគឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
28 អស់លោកពោលថា“យើងមិនបានតាមធ្វើបាបគាត់ទេទុក្ខទោសរបស់គាត់បណ្ដាលមកពីខ្លួនគាត់ផ្ទាល់ទេតើ!”
29 ចូរខ្លាចមុខដាវទៅដ្បិតការចោទប្រកាន់របស់អស់លោកតែងតែទទួលទោសដ៏សាហាវបែបនេះឯង។ពេលនោះ អស់លោកមុខជាដឹងថាព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្ស»។