1 ថ្ងៃមួយ ពួកទេវតា*នាំគ្នាចូលមកគាល់ព្រះអម្ចាស់ ហើយមារសាតាំងក៏មកគាល់ព្រះអង្គជាមួយពួកគេដែរ។
2 ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះអង្គថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តជុំវិញផែនដី»។
3 ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ យ៉ូបនៅតែទៀងត្រង់ជានិច្ច អ្នកចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផល»។
4 មារសាតាំងទូលព្រះអម្ចាស់ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។
5 សូមព្រះអង្គធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាព្រះអង្គមិនខាន»។
6 ព្រះអម្ចាស់មានព្រះបន្ទូលទៅមារសាតាំងថា៖ «យ៉ូបស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រាប់ហើយ តែធ្វើយ៉ាងណាក៏ដោយ កុំប៉ះពាល់ដល់ជីវិតគេឲ្យសោះ»។
7 ពេលនោះ មារសាតាំងចាកចេញពីព្រះអម្ចាស់ទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅរីកពេញខ្លួន គឺចាប់ពីក្បាលរហូតដល់ចុងជើង។
8 លោកយ៉ូបអង្គុយនៅក្នុងផេះ ហើយយកអំបែងឆ្នាំងមកកោសខ្លួន។
9 ភរិយារបស់លោកពោលថា៖ «តើបងនៅតាំងខ្លួនជាមនុស្សទៀងត្រង់ដូច្នេះ ដល់កាលណាទៀត សូមដាក់បណ្ដាសាព្រះជាម្ចាស់ ហើយស្លាប់ទៅចុះ!»។
10 លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីព្រះជាម្ចាស់យ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីព្រះអង្គយ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសម្ដីឡើយ។
11 មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
12 ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
13 អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយលោក អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់លោកឡើយ ព្រោះពួកគេឃើញលោកឈឺចាប់ឥតឧបមា។