10 លោកយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីព្រះជាម្ចាស់យ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីព្រះអង្គយ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសម្ដីឡើយ។
11 មិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮដំណឹងពីទុក្ខវេទនាដែលកើតមានចំពោះលោក ពួកគេចាកចេញពីស្រុករៀងៗខ្លួន ដោយមូលមតិគ្នាទៅរំលែកទុក្ខ និងជួយលើកទឹកចិត្តលោក។ អ្នកទាំងនោះ គឺលោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ា។
12 ពេលក្រឡេកពីចម្ងាយ អ្នកទាំងបីមើលលោកយ៉ូបលែងស្គាល់ទៀតហើយ។ ដូច្នេះ ពួកគេនាំគ្នាទ្រហោយំ ហែកអាវធំរបស់ខ្លួន និងយកធូលីដីបាចនៅលើក្បាល។
13 អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយលោក អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់លោកឡើយ ព្រោះពួកគេឃើញលោកឈឺចាប់ឥតឧបមា។