1 លោកសូផារ ជាអ្នកស្រុកណាអាម៉ា ពោលឡើងថា៖
2 «ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបានគឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។
3 ពាក្យស្ដីបន្ទោសរបស់លោកដូចជាបន្តុះបង្អាប់យើងខ្ញុំជ្រុលពេកហើយហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំមកឆ្លើយតប។
4 លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមកគឺចាប់ពីពេលដែលព្រះជាម្ចាស់ដាក់មនុស្សនៅលើផែនដីនេះ
5 មនុស្សអាក្រក់មានជ័យជំនះតែមួយស្របក់ទេហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។
6 ទោះបីគេមានកំពស់រហូតដល់មេឃហើយក្បាលរបស់គេទើសពពកក្ដី
7 ក៏គេមុខជាវិនាសរហូតតទៅដូចលាមករបស់ខ្លួនដែរ។អស់អ្នកដែលធ្លាប់ស្គាល់អ្នកនោះនឹងពោលថា“តើគាត់ទៅណាបាត់ហើយ?”
8 គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិគ្មាននរណាឃើញគេទៀតឡើយគេនឹងរលាយសូន្យទៅដូចសុបិននិមិត្តនៅពេលយប់។
9 អ្នកដែលធ្លាប់ឃើញគេនឹងលែងឃើញគេទៀតហើយនៅកន្លែងដែលគេធ្លាប់ស្នាក់អាស្រ័យក៏គ្មាននរណាឃើញគេទៀតដែរ។
10 គេនឹងប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរឹបអូសបានទៅឲ្យម្ចាស់ដើមវិញហើយកូនចៅរបស់គេក៏ត្រូវសងប្រាក់ជនក្រីក្រតទៅមុខទៀត។
11 រូបរាងកាយរបស់គេពោរពេញដោយកម្លាំងរបស់យុវវ័យតែកម្លាំងនេះនឹងរលាយទៅជាធូលីដីជាមួយគេដែរ។
12 ទោះបីអំពើអាក្រក់មានរសជាតិផ្អែមនៅក្នុងមាត់របស់គេទោះបីគេលាក់វានៅក្រោមអណ្ដាត
13 ទោះបីគេខំរក្សាទុក ដោយមិនលេបគឺបៀមទុកនៅក្នុងមាត់ក្ដី
14 គង់តែអាហារនោះរលាយក្លាយដូចជាពិសរបស់ពស់អាសិរពិសនៅក្នុងពោះរបស់គេ។
15 គេបានលេបទ្រព្យសម្បត្តិចូលទៅក្នុងពោះតែគេនឹងក្អួតចេញមកវិញគឺព្រះជាម្ចាស់នឹងហូតយកទ្រព្យសម្បត្តិនោះចេញពីពោះរបស់គេ។
16 គេជញ្ជក់ពិសរបស់ពស់អាសិរពិសគេនឹងត្រូវស្លាប់ដោយពស់វែកចឹក។
17 គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោដ៏សម្បូណ៌ហូរហៀរដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
18 អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញគឺគេមិនអាចរក្សាទុកឡើយហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិដែលគេរកស៊ីបាននោះដែរ។
19 គេជិះជាន់ និងបោះបង់ចោលជនក្រីក្រគេរឹបអូសយកផ្ទះដែលខ្លួនមិនបានសង់។
20 គេមានចិត្តលោភលន់មិនចេះស្កប់តែគេមិនអាចរក្សាទុកនូវអ្វីៗដែលគេពេញចិត្តនោះបានឡើយ។
21 គេត្របាក់លេបអ្វីៗទាំងអស់ ឥតមានសល់តែភាពចម្រុងចម្រើនរបស់គេនឹងមិននៅស្ថិតស្ថេររហូតទេ។
22 ក្នុងពេលកំពុងតែសម្បូណ៌សប្បាយនោះគេបែរជាខ្វះខាតវិញទុក្ខវេទនាទាំងអស់នឹងគ្របសង្កត់លើគេ។
23 នៅពេលដែលគេកំពុងតែបំពេញក្រពះនោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទៅលើគេ ទុកជាអាហារ។
24 ប្រសិនបើគេរត់គេចពីអាវុធដែកនោះធ្នូលង្ហិននឹងបាញ់ព្រួញទៅទម្លុះគេ
25 ប្រសិនបើគេដកព្រួញចេញពីខ្លួននោះមុខដាវដ៏មុតនឹងចាក់ទម្លុះរហូតដល់ថ្លើមរបស់គេ។ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
26 ទ្រព្យសម្បត្តិរបស់គេនឹងវិនាសបាត់ក្នុងភាពងងឹតអន្ធការភ្លើងដែលគ្មាននរណាបញ្ឆេះ នឹងមកបំផ្លាញគេអ្វីៗដែលនៅសេសសល់ក្នុងផ្ទះរបស់គេក៏ឆេះអស់ដែរ។
27 ផ្ទៃមេឃលាតត្រដាងកំហុសរបស់គេផែនដីក្រោកឡើងប្រឆាំងនឹងគេ។
28 នៅថ្ងៃដែលព្រះជាម្ចាស់សម្តែងព្រះពិរោធទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់គេនឹងត្រូវអ្នកដទៃរឹបអូសយកទៅអស់។
29 នេះជាចំណែកមត៌កដែលព្រះជាម្ចាស់បម្រុងទុកសម្រាប់មនុស្សអាក្រក់»។