1 លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
2 «តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់? គ្មានទេ!មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ!
3 បើលោកសុចរិតតើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតសព្វព្រះហឫទ័យដែរឬ?បើលោករស់នៅដោយទៀងត្រង់តើព្រះអង្គបានចំណេញអ្វី?
4 តើព្រះអង្គស្ដីបន្ទោសលោកហើយនាំលោកទៅវិនិច្ឆ័យទោសមកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ?
5 ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោកនិងកំហុសដ៏ច្រើនឥតគណនារបស់លោក។
6 លោកបានយករបស់បញ្ចាំពីជនរួមជាតិរបស់លោកដោយឥតហេតុផលហើយរឹបអូសយកសម្លៀកបំពាក់ពីគេទុកឲ្យនៅខ្លួនទទេ។
7 លោកពុំបានផ្ដល់ទឹកទៅឲ្យអ្នកស្រេកហើយក៏ពុំបានផ្ដល់អាហារទៅឲ្យអ្នកឃ្លានដែរ។
8 លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដីនិងឲ្យបក្សពួករបស់លោកកាន់កាប់ទឹកដី។
9 លោកបណ្ដេញស្ត្រីមេម៉ាយឲ្យចេញទៅដោយដៃទទេហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
10 ហេតុនេះហើយបានជាមានអន្ទាក់ឡោមព័ទ្ធលោកគ្រប់ទិសទីមហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។
11 ភាពងងឹតគ្របពីលើលោកធ្វើឲ្យលោកមើលអ្វីមិនឃើញទឹកក៏កំពុងតែជន់លិចលោកដែរ។
12 ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុតសូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
13 លោកបែរជាពោលថា“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះតើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
14 ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាលមានពពកដ៏ក្រាស់បាំងព្រះអង្គមិនឲ្យមើលឃើញអ្វីទាំងអស់”។
15 ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
16 អ្នកទាំងនោះអន្តរាយមុនពេលកំណត់ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
17 ពួកគេទូលព្រះជាម្ចាស់ថា“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាចធ្វើអ្វីយើងខ្ញុំបានឡើយ”។
18 ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។ខ្ញុំមិនអាចទទួលយកដំបូន្មានរបស់មនុស្សអាក្រក់បានទេ។
19 មនុស្សសុចរិត និងមនុស្សស្លូតត្រង់ឃើញមនុស្សអាក្រក់វិនាសគេនាំគ្នាសប្បាយរីករាយនិងសើចចំអកឲ្យថា:
20 “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើងវិនាសសូន្យបាត់ទៅហើយអ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។
21 ដូច្នេះ សូមចុះសំរុងជាមួយព្រះជាម្ចាស់ទៅកុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយនោះព្រះអង្គនឹងប្រទានពរលោក។
22 សូមទទួលយកដំបូន្មានរបស់ព្រះអង្គហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។
23 ប្រសិនបើលោកវិលមករកព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនោះព្រះអង្គនឹងលើកលោកឡើងវិញ។សូមដកអំពើទុច្ចរិតចេញឆ្ងាយពីទីលំនៅរបស់លោក។
24 សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដីសូមយកមាសដ៏ល្អបំផុតទៅបោះចោលក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
25 នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។
26 ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុតនឹងប្រទានឲ្យលោកមានអំណរសប្បាយហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
27 ពេលលោកទូលអង្វរព្រះអង្គព្រះអង្គនឹងឆ្លើយតបមកលោកវិញហើយលោកនឹងថ្វាយតង្វាយតាមពាក្យដែលលោកបន់។
28 ពេលលោកសម្រេចចិត្តធ្វើការអ្វីមួយការនោះនឹងកើតជារូបរាងឡើងផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
29 ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួតតែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
30 សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរដូច្នេះ ព្រះអង្គនឹងរំដោះលោកតាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។