1 ហេតុអ្វីបានជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្សហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះអង្គមិនឃើញព្រះអង្គរកយុត្តិធម៌ឲ្យ?
2 មនុស្សតែងតែលួចបង្ខិតបង្គោលរបងគេលួចសត្វរបស់អ្នកដទៃយកទៅទុកក្នុងក្រោលរបស់ខ្លួន។
3 គេជំរិតយកលារបស់ក្មេងកំព្រាគេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយទុកជារបស់បញ្ចាំ។
4 គេដេញជនក្រីក្រឲ្យចេញពីផ្លូវហើយបង្ខំជនទុគ៌តនៅក្នុងស្រុកឲ្យរត់ពួនទាំងអស់គ្នា។
5 ជនក្រីក្រទាំងនោះចេញទៅរកអាហារមកចិញ្ចឹមកូនចៅរបស់ខ្លួនដូចសត្វលាព្រៃ នៅវាលរហោស្ថាន។
6 ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែនិងបេះផ្លែទំពាំងបាយជូរដែលនៅសេសសល់ក្នុងចម្ការរបស់មនុស្សអាក្រក់។
7 នៅពេលយប់ ពួកគេដេកខ្លួនទទេគ្មានសម្លៀកបំពាក់គ្មានភួយដណ្ដប់នៅពេលរងា។
8 រូបកាយរបស់ពួកគេទទឹកជោកទៅដោយភ្លៀងដែលធ្លាក់នៅតាមភ្នំហើយពួកគេគ្មានអ្វីជាជម្រកក្រៅពីដេកឱបផ្ទាំងថ្មនោះឡើយ។
9 មានអ្នកខ្លះទៀត ចាប់កូនក្មេងកំព្រាផ្ដាច់ចេញពីដោះម្ដាយហើយយកកូនរបស់ជនក្រីក្រទុកជារបស់បញ្ចាំ។
10 ជនក្រីក្រទាំងនោះដើរខ្លួនទទេគ្មានសម្លៀកបំពាក់បិទបាំងកាយហើយត្រូវគេបង្ខំឲ្យលីស្រូវតែគ្មានអ្វីបរិភោគ។
11 ពួកគេចំរាញ់ប្រេងអូលីវនិងបញ្ជាន់ផ្លែទំពាំងបាយជូរឲ្យអ្នកដទៃតែខ្លួនឯងផ្ទាល់គ្មានអ្វីផឹក។
12 អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុងប៉ុន្តែ ព្រះអង្គធ្វើព្រងើយមិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
13 មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
14 ឃាតកក្រោកឡើងពីព្រលឹមគេសម្លាប់ជនក្រីក្រ និងជនទុគ៌តនៅពេលយប់ គេធ្វើជាចោរប្លន់។
15 មនុស្សផិតក្បត់រង់ចាំមើលពេលថ្ងៃលិចពួកគេយកក្រណាត់បិទមុខកុំឲ្យនរណាមើលស្គាល់។
16 នៅពេលងងឹត ពួកគេចូលប្លន់ផ្ទះនានានៅពេលថ្ងៃ ពួកគេលាក់ខ្លួនគឺពួកគេមិនស្គាល់ពន្លឺសោះឡើយ។
17 ពួកគេខ្លាចពន្លឺនៅពេលព្រឹក ដូចខ្លាចមច្ចុរាជហើយចូលចិត្តតែភាពងងឹតអន្ធការ។
18 អស់លោកពោលថា “មនុស្សអាក្រក់មុខជាត្រូវទឹកហូរនាំយកបាត់ទៅដីជាចំណែកមត៌ករបស់គេទទួលបណ្ដាសាហើយគេមិនចូលទៅក្នុងចម្ការទំពាំងបាយជូរទៀតទេ។
19 ការរាំងស្ងួត និងកម្ដៅធ្វើឲ្យទឹកកករលាយយ៉ាងណាស្ថានមនុស្សស្លាប់ក៏នឹងធ្វើឲ្យមនុស្សបាបរលាយសូន្យយ៉ាងនោះដែរ។
20 ម្ដាយបង្កើតរបស់គេនឹងភ្លេចគេដង្កូវនឹងស៊ីសពគេ ទុកជាអាហារយ៉ាងឆ្ងាញ់គ្មាននរណានឹកដល់គេទៀតទេ។អំពើអាក្រក់នឹងត្រូវគេកាប់រំលំដូចដើមឈើ!”។
21 ពួកគេធ្វើបាបស្ត្រីអារហើយគ្មានចិត្តមេត្តាដល់ស្ត្រីមេម៉ាយទេ។
22 ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដាដកមនុស្សមានអំណាចចេញពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថានឹងរស់តទៅទៀតបានឡើយ។
23 ព្រះអង្គបណ្ដោយឲ្យពួកគេស្មានថាខ្លួនរស់នៅយ៉ាងសុខសាន្តប៉ុន្តែ ព្រះអង្គទតមើលអំពើដែលពួកគេប្រព្រឹត្តជានិច្ច។
24 ពួកគេបានថ្កើងឡើងតែមួយភ្លែតរួចហើយវិនាសបាត់ទៅពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទងហើយស្លោកអស់ទៅនិងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។
25 បើពាក្យរបស់ខ្ញុំមិនពិតទេសូមតវ៉ា និងបង្ហាញថាខ្ញុំពិតជានិយាយខុសមែន»។