1 បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក។
2 លោកយ៉ូបមានប្រសាសន៍ថា៖
3 «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះក្លាយទៅជាថ្ងៃអពមង្គល!រីឯយប់ដែលគេពោលថាមានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះជាយប់អពមង្គលដែរ!
4 សូមឲ្យថ្ងៃនោះប្រែទៅជាងងឹតហើយកុំឲ្យព្រះជាម្ចាស់ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
5 សូមឲ្យភាពងងឹត និងភាពអន្ធការគ្របបាំងថ្ងៃនោះហើយសូមឲ្យមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
6 រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹតគ្របបាំងវាដែរ!សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុងខែ និងឆ្នាំឡើយ!
7 សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារហើយក៏កុំឲ្យមានសម្រែកអរសប្បាយនៅយប់នោះដែរ!
8 សូមឲ្យយប់នោះត្រូវបណ្ដាសារបស់គ្រូនក្ខត្តឫក្សនិងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
9 សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេហើយក៏មិនឃើញអរុណរះដែរ
10 ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើតហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះចេញពីមុខខ្ញុំដែរ!
11 ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេលចេញពីផ្ទៃម្ដាយ?
12 ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?
13 ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
14 រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដីជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។
15 ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំដែលមានមាសប្រាក់ពេញផ្ទះ។
16 ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូតឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃនោះប្រសើរជាង។
17 នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមានសកម្មភាពទៀតហើយរីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
18 អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្តគឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
19 អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នាទាសករក៏លែងនៅក្រោមអំណាចម្ចាស់របស់ខ្លួនទៀតដែរ។
20 ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យមនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែទុក្ខលំបាក?
21 គេទន្ទឹងរង់ចាំសេចក្ដីស្លាប់តែមិនឃើញសេចក្ដីស្លាប់មកទេ។គេប្រាថ្នាចង់បានសេចក្ដីស្លាប់ជាងទ្រព្យសម្បត្តិទៅទៀត។
22 ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួននោះគេមុខជាសប្បាយរីករាយឥតឧបមា។
23 ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួចដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
24 ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារសម្រែកឈឺចាប់របស់ខ្ញុំចេះតែហូរចេញមកដូចទឹក។
25 ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណាដែលខ្ញុំមិនចង់ជួប។
26 ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួលហើយក៏មិនបានសម្រាកដែរគឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។