1 ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថាខ្ញុំនឹងមិនសម្លឹងមើលទៅស្ត្រីក្រមុំណាម្នាក់ដោយចិត្តស្រើបស្រាលឡើយ។
2 ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វីពីស្ថានលើទុកសម្រាប់ខ្ញុំតើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតនឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
3 មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនាអស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
4 ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
5 ខ្ញុំពុំដែលបោកប្រាស់គេឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
6 សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះនោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
7 ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញប្រសិនបើមានអំពើសៅហ្មងណាមួយនៅជាប់នឹងដៃរបស់ខ្ញុំ
8 នោះពេលខ្ញុំសាបព្រោះអ្វីសូមឲ្យអ្នកផ្សេងមកទទួលយកផលហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
9 ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
10 នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេងហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
11 ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុតជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12 អំពើនេះប្រៀបបាននឹងភ្លើងឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាសហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13 ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រីនៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14 ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោសតើឲ្យខ្ញុំធ្វើដូចម្ដេចពេលព្រះអង្គសួរចម្លើយតើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15 ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណាព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមកយ៉ាងនោះដែរគឺព្រះតែមួយដែលបានសូនយើងក្នុងផ្ទៃម្ដាយដូចគ្នា។
16 ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17 ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯងដោយឥតចែកឲ្យក្មេងកំព្រាទេ
18 គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមកខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
19 ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
20 ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយនិងឲ្យរោមចៀមទៅគេដណ្ដប់ហើយគេក៏ដឹងគុណខ្ញុំ។
21 ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រាដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
22 សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មាហើយសូមឲ្យកំភួនដៃរបស់ខ្ញុំដាច់ចេញពីកែងដៃទៅចុះ!
23 ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើងរបស់ព្រះអង្គបានឡើយ។
24 ខ្ញុំមិនដែលផ្ញើជីវិតលើមាសហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
25 ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភដែលខ្ញុំរកបាននោះដែរ។
26 ពេលសម្លឹងមើលទៅព្រះអាទិត្យដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាចហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
27 ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរពថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28 ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោសព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់ដែលគង់នៅស្ថានដ៏ខ្ពស់។
29 ខ្ញុំមិនដែលសប្បាយចិត្តពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនាហើយខ្ញុំក៏មិនដែលលោតកព្ឆោងពេលឃើញគេជួបអន្តរាយឡើយ។
30 ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាបព្រោះតែពាក្យសម្ដីគឺខ្ញុំមិនដែលដាក់បណ្ដាសាគេប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31 អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំតែងតែពោលថា ខ្ញុំឲ្យអាហារពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
32 តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំទទួលអ្នកដំណើរទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេដេកនៅខាងក្រៅផ្ទះឡើយ។
33 ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំដូចមនុស្សឯទៀតៗដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
34 ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀលខ្លាចគ្រួសារឯទៀតៗមាក់ងាយហើយខ្ញុំក៏មិនដែលសំងំនៅស្ងៀមមិនហ៊ានចេញពីផ្ទះដែរ។
35 ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតឆ្លើយតបមកខ្ញុំផង!រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុកដើម្បីចោទប្រកាន់ខ្ញុំ
36 ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
37 ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្តខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
38 ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
39 ប្រសិនបើខ្ញុំបរិភោគផលដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
40 នោះសូមឲ្យមានតែបន្លា និងស្រងែដុះនៅក្នុងស្រែជំនួសស្រូវ»។- ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -