1 ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំងស្ទើរតែគាំងបេះដូង។
2 ចូរនាំគ្នាស្ដាប់ចុះចូរនាំគ្នាស្ដាប់ព្រះសូរសៀងដែលលាន់ឮគគ្រឹកគគ្រេងគឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
3 ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ទីដាច់ស្រយាលនៃផែនដី។
4 បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គលាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿងហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរជះពន្លឺដ៏ព្រោងព្រាត។
5 ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែងព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុតដែលយើងពុំអាចស្វែងយល់បាន។
6 ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដីព្រះអង្គបង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
7 ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាពរបស់មនុស្សទាំងអស់ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដរបស់ព្រះអង្គ។
8 សត្វព្រៃនាំគ្នារត់ទៅរកជម្រកហើយសំងំនៅក្នុងរូងរបស់វា។
9 ខ្យល់កួចបក់មកពីទិសខាងត្បូងហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
10 ដោយសារខ្យល់របស់ព្រះជាម្ចាស់ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
11 ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពកព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
12 ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទីស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវាឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
13 ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី ឬសម្តែងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
14 លោកយ៉ូបអើយសូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះសូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
15 សូមលោកសង្កេតឲ្យច្បាស់ថាតើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះនិងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គតាមរបៀបណា?
16 តើលោកដឹងឬទេថា ពពករក្សាលំនឹងនៅក្នុងអាកាសវេហាស៍ ដោយរបៀបណា?ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះទើបសម្រេចការអស្ចារ្យបែបនេះបាន។
17 ពេលធាតុអាកាសហប់ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូងនោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
18 ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់ដើម្បីលាតសន្ធឹងអាកាសវេហាស៍ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
19 សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែលយើងត្រូវទូលព្រះអង្គផងយើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេព្រោះយើងជាមនុស្សល្ងិតល្ងង់។
20 ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
21 រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពកហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃប្រែជាស្រឡះ។
22 មានពន្លឺពណ៌មាសចេញមកពីទិសខាងជើងព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើងនិងគួរឲ្យស្ញែងខ្លាចណាស់។
23 យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឡើយព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដាព្រះអង្គប្រកបដោយយុត្តិធម៌ហើយសុចរិតបំផុតព្រះអង្គមិនបំពានលើនរណាឡើយ!
24 ហេតុនេះហើយបានជាមនុស្សលោកត្រូវគោរពកោតខ្លាចព្រះអង្គ។ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួនជាមនុស្សមានប្រាជ្ញាឡើយ»។