1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេចក្រពើ ហើយយកខ្សែទៅចងអណ្ដាតរបស់វាបានឬ?
2 តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវាហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
3 តើអ្នកស្មានថាវានឹងទទូចអង្វរអ្នកហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
4 តើវាចេះចុះខសន្យាជាមួយអ្នកហើយអ្នកប្រើវាជាទាសករបានរហូតឬ?
5 តើអ្នកអាចលេងជាមួយវា ដូចលេងចាបឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នកមើលកំសាន្ត?
6 តើពួកអ្នករកស៊ីអាចយកវាទៅលក់ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
7 តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវាហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
8 ចូរលូកដៃពាល់វាមើល៍ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវានោះអ្នកមុខជាលែងហ៊ានពាល់វាជាប់ទៀតមិនខាន!
9 អ្នកណាប្រាថ្នាចង់ចាប់វាអ្នកនោះយល់ច្រឡំហើយព្រោះពេលឃើញវា គេមុខជាតក់ស្លុត
10 បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះតើនរណាអាចប្រឈមមុខនឹងយើងបាន?
11 គ្មាននរណាឲ្យរបស់មកយើងខ្ចីហើយយើងត្រូវសងទៅគេវិញនោះឡើយដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះសុទ្ធតែជាកម្មសិទ្ធិរបស់យើង។
12 មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែងអំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អរបស់ក្រពើនៅឡើយទេ។
13 តើនរណាអាចពន្លាត់ស្បែកវាបាន?តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
14 តើនរណាហ៊ានបើកមាត់របស់វា?ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។
15 ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នាទៅវិញទៅមកយ៉ាងស្អិតល្មួត។
16 ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិតសូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
17 ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
18 កាលណាវាព្រួសទឹកចេញមកនោះមានបែកជាពន្លឺភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
19 មានភ្លើងចេញពីមាត់របស់វាហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
20 មានផ្សែងហុយចេញតាមច្រមុះរបស់វាដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
21 ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបានហើយក៏មានអណ្ដាតភ្លើងផុសចេញពីក្នុងមាត់របស់វាដែរ។
22 ករបស់វាមានកម្លាំងណាស់ធ្វើឲ្យអស់អ្នកដែលឃើញវាចូលមកជិត ភ័យខ្លាចជាខ្លាំង។
23 សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
24 បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
25 ពេលណាវាក្រោកឡើងសូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរហើយរត់ចេញទៅ ទាំងបាក់ស្បាត។
26 ទោះបីគេយកដាវ លំពែង ស្ន និងព្រួញមកចាក់ទម្លុះ ក៏មិនមុតដែរ
27 ដ្បិតវាចាត់ទុកដែកដូចជាចំបើងហើយលង្ហិនដូចជាឈើពុក។
28 ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេរីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
29 វាមើលមកព្រនង់ដូចជាចំបើងហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
30 ពោះរបស់វាមុតដូចអំបែងឆ្នាំងធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
31 វាធ្វើឲ្យទឹកនៅក្នុងមហាសាគរពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាងហើយធ្វើឲ្យសមុទ្រប្រៀបដូចជាឆ្នាំងរំងាស់ទឹកអប់
32 វាធ្វើឲ្យមានដានរលោងនៅពីក្រោយវាគឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
33 នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយយើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
34 វាមិនញញើតនឹងមើលទៅសត្វដ៏សំបើមៗដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។