យ៉ូប 42:11-17 KHSV

11 បង‌ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​លោក និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​លោក​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​លោក ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​លោក នៅ​ក្នុង​ផ្ទះ​របស់​លោក។ ពួក​គេ​សម្តែង​ការ​អាណិត‌អាសូរ និង​សម្រាល​ទុក្ខ​លោក ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​លោក។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​លោក។

12 ព្រះ‌អម្ចាស់ ប្រទាន​ពរ​ដល់​លោក​យ៉ូប​លើក​នេះ ច្រើន​ជាង​មុន​ទៅ​ទៀត គឺ​លោក​មាន​ចៀម​មួយ​ម៉ឺន​បួន​ពាន់​ក្បាល អូដ្ឋ​ប្រាំ​មួយ​ពាន់​ក្បាល គោ​មួយ​ពាន់​នឹម និង​លា​ញី​មួយ​ពាន់​ក្បាល។

13 លោក​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។

14 លោក​ដាក់​ឈ្មោះ​កូន​ស្រី​ទី​មួយ​ថា «យេមី‌ម៉ា» កូន​ស្រី​ទី​ពីរ «កេស៊ី‌យ៉ា» និង​កូន​ស្រី​ទី​បី «កេរេន-‌ហាពូក»។

15 នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល គ្មាន​នារី​ណា​មាន​រូប​ឆោម​ល្អ​ស្អាត ដូច​កូន​ស្រី​របស់​លោក​យ៉ូប​ទេ។ លោក​យ៉ូប ជា​ឪពុក ក៏​បាន​ចែក​មត៌ក​ឲ្យ​នាង​ទាំង​បី ដូច​បង‌ប្អូន​ប្រុសៗ​ទាំង​ប្រាំ‌ពីរ​នាក់​ដែរ។

16 ក្រោយ​មក លោក​យ៉ូប​រស់​បាន​មួយ​រយ​សែ‌សិប​ឆ្នាំ​ទៀត លោក​បាន​ឃើញ​កូន​ចៅ​របស់​លោក​រហូត​ដល់​បួន​តំណ។

17 បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕