1 ជីវិតរបស់មនុស្សនៅលើផែនដីមិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំឲ្យធ្វើការជាទម្ងន់ទេហើយអាយុជីវិតរបស់គេ ក៏មិនខុសពីអាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
2 ទាសករប្រាថ្នាជ្រកក្រោមម្លប់ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា
3 ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែហើយរងទុក្ខសោកជាច្រើនយប់យ៉ាងនោះដែរ។
4 ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា“តើពេលណាខ្ញុំនឹងក្រោកឡើងបាន?”ប៉ុន្តែ យប់ពន្យារកាន់តែយូរហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។
5 រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។
6 អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខលឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
7 សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
8 ព្រះអង្គទតមកទូលបង្គំតែលែងឃើញទូលបង្គំទៀតហើយព្រះអង្គនឹងខំរកមើលទូលបង្គំតែទូលបង្គំបាត់សូន្យទៅ។
9 ពពកតែងតែរសាត់បាត់ទៅរីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់ក៏ពុំអាចឡើងមកវិញបានដែរ។
10 គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
11 ហេតុនេះ ទូលបង្គំមិនអាចនៅស្ងៀមបានឡើយទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្តទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
12 តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សំបើមដែលរស់នៅក្នុងសមុទ្រឬបានជាព្រះអង្គដាក់អ្នកយាមល្បាតនៅជុំវិញទូលបង្គំបែបនេះ?
13 ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេកនោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
14 ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុតដោយយល់សប្ដិអាក្រក់ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់ដោយឃើញសុបិននិមិត្តមិនល្អ។
15 ទូលបង្គំចង់អត់ដង្ហើមស្លាប់ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
16 ទូលបង្គំឆ្អែតចិត្តណាស់ទូលបង្គំមិនចង់រស់រហូតទេសូមទុកទូលបង្គំឲ្យនៅតែឯងដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17 តើមនុស្សលោកជាអ្វីបានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេយ៉ាងខ្លាំងដូច្នេះ?
18 ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹកព្រះអង្គល្បងលគេគ្រប់ពេលវេលា។
19 តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំដល់កាលណាទៀតសូមទុកឲ្យទូលបង្គំមានពេលលេបទឹកមាត់ផង។
20 ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែនតើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំដូចជាផ្ទាំងស៊ីប?តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
21 តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំនិងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរព្រះអង្គនឹងរកទូលបង្គំតែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។