1 លោកយ៉ូបមានប្រសាសន៍តបវិញថា៖
2 ពិតមែនហើយ ខ្ញុំដឹងថាប្រាកដជាកើតមានដូច្នោះមែន។មនុស្សមិនអាចតវ៉ានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ថាខ្លួនសុចរិតបានឡើយ។
3 បើគេចង់ជជែកវែកញែកជាមួយព្រះអង្គក្នុងមួយពាន់សំណួរសូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
4 ព្រះអង្គប្រកបទៅដោយព្រះប្រាជ្ញាញាណនិងមហិទ្ធិឫទ្ធិអ្នកដែលប្រឆាំងនឹងព្រះអង្គមិនអាចរួចខ្លួនបានទេ។
5 ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួនព្រះអង្គរំលើងភ្នំ ដោយសារព្រះពិរោធរបស់ព្រះអង្គ។
6 ព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វាហើយសសររបស់វាក៏រញ្ជួយដែរ។
7 ព្រះអង្គមានព្រះបន្ទូលទៅកាន់ថ្ងៃនោះថ្ងៃមិនរះទេព្រះអង្គក៏ឃាត់ផ្កាយមិនឲ្យចាំងពន្លឺដែរ។
8 ព្រះអង្គលាតសន្ធឹងផ្ទៃមេឃដោយគ្មាននរណាជួយព្រះអង្គយាងនៅលើរលកសមុទ្រ។
9 ព្រះអង្គបានបង្កើតផ្កាយក្រពើផ្កាយនង្គ័ល និងផ្កាយកូនមាន់ព្រមទាំងកញ្ចុំផ្កាយនៅទិសខាងត្បូង។
10 ព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យដែលពុំអាចយល់បានព្រមទាំងការដ៏ល្អវិសេសច្រើនឥតគណនា។
11 ព្រះអង្គយាងមកក្បែរខ្ញុំក៏ខ្ញុំមើលព្រះអង្គមិនឃើញព្រះអង្គយាងទៅបាត់ ក៏ខ្ញុំមិនអាចយល់បាន។
12 ពេលព្រះអង្គដកយកអ្វីទៅហើយគ្មាននរណាអាចឃាត់ព្រះអង្គបានទេហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា“ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
13 ពេលព្រះអង្គព្រះពិរោធហើយព្រះអង្គមិនប្រែព្រះហឫទ័យទេព្រះអង្គបង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រនិងបរិវាររបស់វា។
14 ហេតុនេះ តើឲ្យខ្ញុំឆ្លើយតបទៅព្រះអង្គដូចម្ដេចបាន?តើខ្ញុំមានពាក្យអ្វីទូលទៅកាន់ព្រះអង្គ?
15 ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹងព្រះអង្គបានដែរគឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំមេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
16 ទោះបីព្រះអង្គឆ្លើយតបមកខ្ញុំនៅពេលខ្ញុំស្រែកហៅព្រះអង្គក៏ដោយក៏ខ្ញុំមិនជឿថា ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ខ្ញុំដែរ។
17 ព្រះអង្គវាយប្រហារខ្ញុំ ដោយខ្យល់ព្យុះព្រះអង្គធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើនដោយឥតហេតុផល។
18 ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សាពន់ប្រមាណ។
19 ប្រសិនបើខ្ញុំចង់ប្រើកម្លាំងបាយព្រះអង្គមានឫទ្ធានុភាពជាងប្រសិនបើខ្ញុំចង់ប្ដឹងរកយុត្តិធម៌តើនរណាហៅព្រះអង្គមកកាត់ក្ដី?
20 ទោះបីខ្ញុំសុចរិតក្ដីក៏ពាក្យសម្ដីរបស់ខ្ញុំដាក់ទោសខ្ញុំទោះបីខ្ញុំស្លូតត្រង់ក្ដីក៏ពាក្យសម្ដីរបស់ខ្ញុំឲ្យខ្ញុំខុសដែរ។
21 តើខ្ញុំពិតជាមនុស្សស្លូតត្រង់មែនឬ?ទេ ខ្ញុំមិនប្រាកដថាខ្លួនខ្ញុំស្លូតត្រង់ទេ!ខ្ញុំឆ្អែតចិត្តនឹងជីវិតរបស់ខ្ញុំណាស់។
22 ណ្ហើយ បណ្ដោយតាមដំណើរទៅចុះ!ហេតុនេះហើយបានជាខ្ញុំពោលថា“ព្រះអង្គប្រហារ ទាំងមនុស្សស្លូតត្រង់ទាំងមនុស្សអាក្រក់”។
23 ពេលមានមហន្តរាយអ្វីមួយកើតឡើងបណ្ដាលឲ្យមនុស្សស្លូតត្រង់ស្លាប់ភ្លាមៗនោះព្រះអង្គសើចចំអកឲ្យគេនៅពេលដែលគេវេទនា។
24 ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយបើព្រះអង្គមិនធ្វើបែបនេះទេតើនរណាជាអ្នកធ្វើ?
25 ពេលវេលារបស់ខ្ញុំខិតទៅមុខលឿនជាងអ្នកដែលរត់ទៅទៀតគឺពេលវេលានេះចេះតែរត់ទៅមុខដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
26 ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខលឿនជាងនាវាឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
27 ប្រសិនបើខ្ញុំពោលថា:“ខ្ញុំនឹងបំភ្លេចការសោកសង្រេងខ្ញុំនឹងធ្វើទឹកមុខរីករាយហើយខំប្រឹងសើចសប្បាយឡើងវិញ”
28 នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំធ្វើឲ្យខ្ញុំតក់ស្លុតដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជាមនុស្សគ្មានទោសឡើយ។
29 ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោសដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
30 ទោះបីទូលបង្គំយកទឹកមកលាងខ្លួនទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
31 ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំក៏ខ្ពើមទូលបង្គំដែរ។
32 ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ានិងហៅឡើងទៅតុលាការបានឡើយ។
33 គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលរឿងរ៉ាវរវាងព្រះអង្គ នឹងខ្ញុំបានទេ។
34 សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំសូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
35 ពេលនោះ ទើបខ្ញុំនិយាយស្ដីបានដោយលែងភិតភ័យ។ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!