9 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ប្រជាជននៅស្រុកយូដា និងប្រជាជននៅក្រុងយេរូសាឡឹមឃុបឃិតគ្នាប្រឆាំងនឹងយើង។
10 ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
11 ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាធ្លាក់មកលើពួកគេ ពួកគេពុំអាចគេចផុតបានឡើយ។ ពួកគេនឹងស្រែកអង្វរយើង តែយើងមិនស្ដាប់ពួកគេទេ។
12 អ្នកក្រុងទាំងឡាយនៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នឹងនាំគ្នាសែន បួងសួងរកព្រះឯទៀតៗដែលពុំអាចជួយសង្គ្រោះពួកគេ នៅគ្រាមានទុក្ខវេទនាបានឡើយ។
13 យូដាអើយ អ្នកមានព្រះច្រើនដូចចំនួនក្រុង! យេរូសាឡឹមអើយ អ្នកមានអាសនៈសម្រាប់សែនព្រះបាលដ៏គួរឲ្យអាម៉ាស់ ច្រើនដូចចំនួនផ្លូវ!»។
14 «រីឯអ្នកវិញ កុំទូលអង្វរឲ្យប្រជាជននេះធ្វើអ្វី! គឺកុំស្រែកអង្វរ ឬអធិស្ឋានឲ្យពួកគេឡើយ ដ្បិតពេលពួកគេមានទុក្ខ ហើយនាំគ្នាអង្វររកយើង យើងនឹងមិនស្ដាប់ពួកគេជាដាច់ខាត»។
15 «ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនាតើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត?តើពួកគេនឹកស្មានថានឹងបានរួចខ្លួនដោយយកយញ្ញបូជាមកឲ្យយើងនិងបន់ស្រន់យើងឬ?»។