8 យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នកហើយធ្វើឲ្យអ្នកវិនាសអន្តរាយក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:«ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់គឺគេនឹងមកសាជាថ្មីដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមកប្រឡេះផ្លែដែលនៅសល់»។
10 តើខ្ញុំត្រូវនិយាយទៅកាន់នរណាតើនរណាជួយពន្យល់ពួកគេឲ្យស្ដាប់ខ្ញុំដ្បិតពួកគេធ្វើជាថ្លង់ហើយមិនអាចយកចិត្តទុកដាក់ស្ដាប់បានទេ។ពេលខ្ញុំនាំព្រះបន្ទូលរបស់ព្រះអម្ចាស់មកប្រាប់ពួកគេបែរជានាំគ្នាសើចចំអកគឺពួកគេមិនចូលចិត្តឮឡើយ។
11 ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ខ្ញុំទប់ចិត្តលែងបានទៀតហើយ។«ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវព្រមទាំងជះទៅលើក្រុមយុវជនផងដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរានឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
12 ពេលណាយើងដាក់ទោសអ្នកស្រុកនេះផ្ទះរបស់គេនឹងត្រូវអ្នកផ្សេងមករស់នៅហើយចម្ការ និងប្រពន្ធរបស់គេក៏នឹងបានទៅជាកម្មសិទ្ធិរបស់អ្នកផ្សេងដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ពួកគេទាំងអស់គ្នាចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំគិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទាំងព្យាការី ទាំងបូជាចារ្យសុទ្ធតែជាអ្នកបោកប្រាស់។
14 ពួកគេមិនឈឺឆ្អាលនឹងមហន្តរាយនៃប្រជារាស្ត្ររបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!