11 តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។
13 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ
14 យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។
15 យើងនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។
16 «រីឯអ្នកវិញ កុំទូលអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។
17 តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ?