យេរេមា 7:20-26 KHSV

20 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។

21 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ

22 ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។

23 យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។

24 ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។

25 តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។

26 ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។