9 តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិបែបនេះទេឬ?»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់គ្មាននរណាដើរកាត់តាមនោះទៀតទេហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរសត្វស្លាបក៏ដូចជាសត្វចតុប្បាទវាចាកចេញបាត់អស់ទៅហើយ។
11 «យើងនឹងធ្វើឲ្យក្រុងយេរូសាឡឹមក្លាយទៅជាគំនរឥដ្ឋជាកន្លែងដែលឆ្កែចចកយកធ្វើជាជម្រក។យើងនឹងធ្វើឲ្យក្រុងទាំងឡាយក្នុងស្រុកយូដាក្លាយទៅជាទីស្ងាត់ជ្រងំគ្មាននរណារស់នៅ!»។
12 តើនរណាមានប្រាជ្ញាអាចយល់ហេតុការណ៍ទាំងនេះបាន?ប្រសិនបើព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈអ្នកនោះមែន ចូរឲ្យគេពន្យល់មកមើលហេតុអ្វីបានជាស្រុកទេសវិនាស និងឆេះអស់ដូចវាលរហោស្ថានដែលគ្មាននរណាដើរកាត់។
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ហេតុការណ៍ទាំងនេះកើតឡើង មកពីពួកគេបោះបង់ចោលក្រឹត្យវិន័យ*ដែលយើងប្រគល់ឲ្យពួកគេ ពួកគេមិនបានស្ដាប់ និងធ្វើតាមសេចក្ដីដែលយើងទូន្មានពួកគេទេ។
14 ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
15 ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។