1 កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។
2 លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។
3 លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
4 កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
5 ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
6 ថ្ងៃមួយ ពពួកទេវតារបស់ព្រះអម្ចាស់ នាំគ្នាចូលទៅគាល់ព្រះអង្គ មារ*សាតាំងក៏ស្ថិតនៅក្នុងចំណោមទេវតាទាំងនោះដែរ។
7 ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់មារសាតាំងថា៖ «តើអ្នកទើបនឹងមកពីណា?»។ មារសាតាំងទូលព្រះអម្ចាស់វិញថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តនៅលើផែនដី»។